(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាម នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ០៩វិច្ឆិកា ឆ្នាំ១៩៥៣ ០៩៩វិច្ឆិកា ឆ្នាំ២០២៣ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសន្ទរកថា ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា ។ តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ បានញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណនិងគុណភាព នឹងបានធ្វើកំណែរទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត ការពារជាតិសាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបន្ទាប់មកបានអញ្ជើញទៅដុតធូបគោរពវិញ្ញាណក្ខន្ធ នៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផងដែរ៕
0 comments:
Post a Comment