-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, November 16, 2023

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ អាកាសយានដ្ឋាន​អន្តរ​ជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា។

វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាល​មួយ​ទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់​កម្ពុជា​ផ្នែក​ទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់​ផ្លូវ​អាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជា​បណ្តា​​មានសក្តានុពលទេសចរណ៍ដទៃទៀត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ជាសមិទ្ធផលមួយកើតចេញ​ពីគោល​នយោ​​បាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខ ដឹកនាំរដ្ឋាភិបាលកម្ពុជា-ចិន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ​តា​ប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយ​ជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំ​ជនក្រុង​សៀម​រាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិ​យោគ​រួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់​គ្រង និងប្រតិបត្តិ​ការ​អាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមាន​ភាគ​ហ៊ុន​ចំនួន ៣,៤%។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគក្រោមទម្រង់ «សាង​សង់​-អាជីវកម្ម-ផ្ទេរ/BOT» ដោយមានរយៈធ្វើសម្បទានសរុបមានចំនួន ៥៥ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។ ក្នុងនោះរយៈពេលសាងសង់មានចំនួន៥ឆ្នាំ និងរយៈ​ពេល​​ធ្វើអាជីវកម្មចំនួន៥០ឆ្នាំ។

អាកាសយានដ្ឋានដ៏ធំនេះ ជាការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដី​ទំហំ ៧០០,០៦ហិកតា និងមានដីបម្រុង​ប្រមាណ ១,០០០ហិកតា សម្រាប់ការកសាង​តំបន់អភិវឌ្ឍន៍ពហុបំណង (សេដ្ឋកិច្ច- ទេសចរណ៍​-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល អាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលខាងមុខ។

អាកាសយានដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិលំដាប់/ប្រភេទ៤ (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទ (ក្នុងដំណាក់ការទីមួយ) ចាប់ពីអាកាសយានប្រភេទតូច រហូតដល់ប្រភេទធំៗ ក៏ដូច ជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul/ Long Range Flights) ដែលមានផ្លូវរត់ (Runway) ប្រវែង ៣,៦០០ម៉ែត្រ មាន សមត្ថភាពអាចឱ្យយន្តហោះគ្រប់ប្រភេទចុះចតបានជាមធ្យមចំនួន៣០ ទៅ ៣២ជើង ក្នុង១ម៉ោង (30 to 32 landings capacity per hour)។ មានចំណត​អាកាសយាន (Aircraft Stands) ចំនួន៣៨ចំណត ក្នុងនោះមានចំណតជាប់​នឹង​ស្ថានីយ៍មានចំនួន១៥ (with aerobridge) និងចំណតក្រៅស្ថានីយ៍មានចំនួន២៣ (remoted parking/ without aerobridge) ដែលអាចទទួលយន្តហោះធំ ចំនួន១១ចំណត និងយន្តហោះតូចចំនួន ២៧ចំណត។ មានស្ថានីយ៍អ្នកដំណើរ​មានទំហំ ៨១,៨០០ម៉ែត្រការ៉េ និងមានអគារប៉មបញ្ជាការហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ។

អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់​ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែ​ស្មើ​នឹង៣ឆ្នាំ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ប្រើប្រាស់​បុគ្គលិក​-វិស្វករ-កម្មករចន្លោះពី ២,៥០០នាក់ ទៅ ៣,៧០០នាក់ ក្នុងនោះមាន​បុគ្គលិក​-វិស្វករ​-កម្មករខ្មែរចំនួន ៧០ភាគរយ និងចិនចំនួន ៣០ភាគរយ អាស្រ័យទៅ​លើតម្រូវ​ការនៃទំហំការងារជាក់ស្តែង។

បច្ចុប្បន្ននេះបុគ្គលិក-វិស្វករ-កម្មករក្រុមហ៊ុនម៉ៅការពាក់ព័ន្ធទាំងនោះ នៅសល់តែ​ចំនួន ៩០៣នាក់ ក្នុងនោះបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៣៤៦នាក់ និងចិនចំនួន ៥៥៧នាក់។

សូមបញ្ជាក់ថា ដើម្បីសម្រួលការធ្វើដំណើរចេញ-ចូលអាកាសយានដ្ឋាន ទៅកាន់ក្រុង​សៀមរា​បនោះ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរទៅតភ្ជាប់ផ្លូវជាតិលេខ៦ត្រង់បង្គោលគីឡូម៉ែត្រ​លេខ​២៩៤ ដែលមាន​ប្រវែង​២៤.៥គីឡូម៉ែត្រ។ តាមរយៈការសង់ផ្លូវតភ្ជាប់នេះ ការធ្វើដំណើរទៅកាន់​អាកាស​​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាចធ្វើដំណើរតាមផ្លូវចំនួនពីរខ្សែ។ ផ្លូវទី១ គឺតាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលត្រង់បង្គោលគីឡូម៉ែត្រលេខ២៩៤ ដែលមានចម្ងាយពីទីប្រជុំជនក្រុងសៀមរាប ប្រមាណ ៤៤.៥គីឡូម៉ែត្រ និងផ្លូវទី២ តាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលត្រង់បង្គោលគីឡូម៉ែត្រលេខ២៨១ ហើយបត់ទៅ​តាម​ផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយពីទីប្រជុំជនក្រុងសៀមរាប ប្រមាណ៥៧គីឡូម៉ែត្រ៕

0 comments:

Post a Comment