(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានការចូលរួមពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងឯកឧត្តមកិត្តិទេសាអភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ និងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមការងារគណបក្សជាច្រើនរូបទៀត។
គួរជម្រាបថា ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោត ចំនួន២,២០៦ការិយាល័យ។ ក្នុងនោះ ប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា៨៥,៧៥% នៅរាជធានីភ្នំពេញ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាមួយនឹងលទ្ធផលឈ្នះភ្លូកទឹកភ្នកដី ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
0 comments:
Post a Comment