ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ និងនាំយកថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រះសីហនុ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
លោកអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីការងារសិក្សាឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ មានមណ្ឌលប្រឡង៥ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល មានបេក្ខជនដាក់ពាក្យចំនួន ១,៧៣១នាក់ ស្រី ៩១៦នាក់ ស្មើនឹង ៧២បន្ទប់ មុខវិជ្ជាបំប៉នផ្នែកវិទ្យាសាស្ត្រសង្គមមាន ១៤ថ្នាក់ មានចំនួន ៦មុខវិជ្ជារួមមាន៖ ភាសារខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ និងផែនដីវិទ្យា ចំនួនសិស្ស ១,២៦០នាក់ ថ្នាក់វិទ្យាសាស្ត្របំប៉នមាន ១០ថ្នាក់។
ឯកឧត្តម គួច ចំរើន ពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ ចុះជួយខេត្តព្រះសីហនុ និងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ចំពោះលោកគ្រូ អ្នកគ្រូ បានស្ម័គ្រចិត្តបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី១២នាពេលនេះ។ នៅឆ្នាំកន្លងមកលោក សាយ សំអាល់ និងរូបលោកបានរៀបចំកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A ទទួលរង្វាន់ម៉ូតូ ១គ្រឿង សម្រាប់ឆ្នាំនេះ លោកបានសន្យាជូនចំពោះសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលបាននិទ្ទេស A និងផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង និងថវិកាមួយចំនួនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបានជួយបង្រៀនបំប៉នជូនសិស្សថ្នាក់ទី១២ និងស្នើឱ្យសិស្សត្រូវខិតខំរៀនសូត្រប្រឡងឱ្យបានជាប់កាន់តែច្រើន និងបាននិទ្ទេស A កាន់តែច្រើនបន្ថែមទៀត ដើម្បីនាំកិត្តិយសជូនសាលា និងខេត្ត។
«ក្មួយត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ព្រោះជាឱកាសរបស់យើងនៅមានច្រើន ដើម្បីទទួលបាននូវចំណេះដឹងថ្មីគ្រប់ៗគ្នា បើយើងរៀនបានពូកែ និងទទួលបានរង្វាន់ និងជាមុខមាត់របស់ឪពុកម្តាយផងដែរ ព្រោះក្មួយនៅមានឱកាសចាប់យកនូវការរៀនសូត្របង្កើននូវចំណេះដឹង ចំណេះធ្វើថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ថែមទៀត»។ នេះការលើកឡើងរបស់លោក គួច ចំរើន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សានុសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រះសីហនុ៕
0 comments:
Post a Comment