-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 9, 2022

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបប្រជុំពិភាក្សាការងារជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ចំនួនអ្នកទស្សនា: Views



(ហាណូយ)៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ នៅក្នុងប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ហើយក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ ឯកឧត្តម អនុប្រធានអគ្គសេនាធិការ ក៏បានចូលរួមអបអរសាទរដល់កម្ពុជាដែលទទួលបាននូវជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងការរៀបចំការបោះការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងការរៀបចំប្រារព្ធពិធីរំឭកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។ លើសពីនេះ ឯកឧត្តម ក៏បានកត់សម្គាល់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងសន្តិសុខ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ជារួម សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលកងទ័ពនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ដែលពិតជាបាន ហើយក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕ សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment