-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 23, 2022

អភិបាលខេត្តកែបប្រគល់ពានរង្វាន់ជូនដល់អ្នកឈ្នះការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត

ចំនួនអ្នកទស្សនា: Views


កែប ៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញសំណេះសំណាល និងប្រគល់ពានរង្វាន់ ជូនដល់កីឡាករ កីឡាការិនី ជាប់ចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ ក្នុងការប្រកួតកីឡាសិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២១- ២០២២។

ក្នុងពិធីបិទការប្រកួតកីឡា មធ្យមសិក្សា នាពេលនោះ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប​បានរាយការណ៍ថា៖​ ការប្រកួតកីឡា​ សិស្ស មធ្យមសិក្សា ជ្រើសរើសជើងឯកឆ្នាំ២០២១-២០២២នេះ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានក្រុមកីឡាចូលរួមសរុបចំនួន ២៥ក្រុម (កីឡាករ កីឡាការិនី ចំនួន ៣១២នាក់/ស្រី ៤៨នាក់ ប្រតិភូដឹកនាំ ៦២នាក់/ស្រី០៩នាក់ )។

ឆ្លងតាមការប្រកួតអស់រយៈពេល ០៣ថ្ងៃនេះ ក្រុមកីឡាដែលចូលរួមប្រកួតកីឡាទាំង០៤ ប្រភេទ មាន បាលទាត់ (បុរស) បាល់ទះ( បុរស-នារី) ប៊ូល (បុរស) និងអត្តពលកម្ម (បុរស នារី )ជាលទ្ធផលគឺ​ វិទ្យាល័យ ហ៊ុន សែន ចំការដូងទទួលបាន ១៤មេដាយ, វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ទទួល ១២មេដាយ, អនុវិទ្យាល័យ​ សង្គមរាស្ត្រនិយម ៨មេដាយ, អនុវិទ្យាល័យ ហ៊ុន សែន កែប ៧មេដាយ, អនុវិទ្យាល័យ​ ពងទឹក ៧មេដាយ​ និងអនុវិទ្យាល័យ​ ហ៊ុន សែន អង្កោល ៤មេដាយ។

ក្នុងឱកាសនោះ  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ​ និយាយជារួម និងនិយាយដោយឡែក ថ្នាក់ដឹកនាំខេត្តកែប បានខិតខំរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋទូទាំងខេត្ត​ ។​ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើជា

ម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ​ ស្តីពី​ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយ ស្តង់ដារ។ ទន្ទឹមនឹងនោះ​ ខេត្តកែប​ ក៏នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​ លើវិញ្ញាសាកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏មានសារៈសំខាន់នោះផងដែរ។

   ជាមួយគ្នានេះ​ ឯកឧត្ដម​ អភិបាលខេត្ត​   ក៏បានធ្វើការផ្តាំផ្ញើ និងផ្ដល់អនុសាសន៍   មួយចំនួនជូនដល់​ ក្មួយៗសិស្សានុសិស្ស​ គណៈគ្រប់គ្រងសាលា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដូចខាងក្រោម ៖

១-សូមក្មួយៗទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

២-សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយពាក់មួកសុវត្ថិភាព គោរពសិទ្ធអាទិភាពនិងចេះយោគយល់គ្នា។

៣-សូមក្មួយៗទាំងអស់​ បន្តចាក់វ៉ាក់សាំងដូសជំរុញ​​ តាមកាលកំណត់ឱ្យបានគ្រប់គ្នា និងចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ជាប្រចាំ។

៤-សូមក្មួយៗកីឡាករ កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ចូលរួមហ្វឹកហាត់ និងលេងកីឡា ទៅតាមការបង្ហាត់បង្ហាញរបស់ លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព។

៥-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទូទាំងខេត្ត ត្រូវយកចិត្តទុក ដាក់ពង្រឹងការអនុវត្តន៍ការអប់រំកាយ និងកីឡា ព្រោះថាការអប់រំកាយ​ និងកីឡាត្រូវបានចាត់ទុកជាមុខវិជ្ជាមួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ ដែលសិក្សាអំពីសិល្បៈនៃការធ្វើចលនា និងសុខភាព របស់សិស្សានុសិ្ស។

៦-គ្រប់គ្រឹះស្ថានសិក្សា ត្រូវខិតខំកែលម្អទីលានលេងកីឡា​ រួមមាន បាលទាត់ បាល់ទះ ប៊ូល និងអត្តពលកម្មឲ្យបានច្រើន។

៧-មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបន្តការយកចិត្តទុកដាក់រៀបចំដំណើរការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា និងមហាជន និងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗដោយ សហការជាមួយក្លឹបកីឡានានា ដែលមានក្នុងខេត្ត និងខិតខំទំនាក់ទំនងជាមួយសហព័ន្ធកីឡានានា ក្នុងការរៀបចំកីឡាករ កីឡាការិនីតាមប្រភេទវិញ្ញាសា ដែលត្រូវប្រកួត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាជាតិលើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២២​ ខាងមុខនេះ៕ដោយ ៖ មន្ទីរព័ត៌មានខេត្តកែប:សម្រួលដោយ:dara

0 comments:

Post a Comment