(បាត់ដំបង): ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅថ្ងៃ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលី បើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី ដែលមានទីតាំងនៅទល់មុខវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេជោសែន បាត់ដំបង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅក្បែរវេទិកាអុំទូកបាត់ដំបងចាស់។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មីមួយ ឱ្យស័ក្តិសមទៅនឹងការអភិវឌ្ឍជឿនលឿនរីកចម្រើនរបស់ប្រទេសជាតិ ពិសេសខេត្តបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ ដោយសារទីតាំងវេទិកាអុំទូកចាស់ មានសភាពតូចចង្អៀតផង ផ្ទុកគណ:អធិបតី និងភ្ញៀវកិត្តិយសបានតិច ដូច្នេះទើបរដ្ឋបាលខេត្តបានឯកភាពពីថ្នាក់ដឹកនាំ ក៏សម្រេចសាងសង់វេទិកាថ្មីនេះឡើង ដែលមានទំហំធំ ស្អាតជាងមុន និងមានរៀបចំសោភណភាពទីក្រុងឱ្យបានស្អាតបន្ថែមទៀត ដើម្បីឱ្យសមទៅនឹងទីក្រុងស្អាតថ្នាក់ជាតិ និងថ្នាក់តំបន់ផង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស ដែលឆ្លងកាត់មកលេងកម្សាន្ត នៅខេត្តយើងមានការកើនឡើង ធ្វើឱ្យប្រជាពលរដ្ឋបានបម្រើសេវាទេសចរណ៍ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ មានមុខរបរប្រចាំថ្ងៃផងដែរ ។
វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានបណ្ដោយ៣៧ម៉ែត្រ ទទឹង១៨ម៉ែត្រ និងកម្ពស់១៨,៣៥ម៉ែត្រ ដែលរចនាឡើងតាមទម្រង់បែបបទខ្មែរ ហើយបើតាមផែនការនឹងសម្រេចការសាងសង់ឱ្យបានមុន ពិធីបុណ្យអុំទូកបាត់ដំបងនាពេលខាងមុខនេះ ។ វេទិកាអុំទូកបាត់ដំបងថ្មីនេះ មានសមត្ថភាពអាចផ្ទុកមនុស្សបានប្រហែល ៤០០នាក់ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖dara



0 comments:
Post a Comment