(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លើកឡើងនាឱកាសនោះលោក សុខ លូ បានបញ្ជាក់ថា ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមកុំយកទៅអ៊ុតរឹង ដែលវាអាចធ្វើឱ្យខូចខាត ខណ:ពេលដែរយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ ហើយសូមឱ្យខិតខំថែរក្សាដីនេះទុកសម្រាប់បង្ករបង្កើនផល និងទុកដល់កូនចៅ បើមិនចាំបាច់ទេសូមកុំយកទៅលក់អី។
លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំបង្ខិតរបង និងសាងសង់សំណង់រឹង ដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ ព្រោះថា ប្រសិនបើថ្ងៃក្រោយអាជ្ញាធរ មានបំណងចង់ពង្រីកផ្លូវ គឺធ្វើឱ្យយើងមានការលំបាក។
លោក សុខ លូ បានបញ្ជាក់ដែរថា កម្ពុជាបច្ចុប្បន្ននេះគឺមានសន្ថិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ហើយប្រទេសកម្ពុជាជាង៥០០ឆ្នាំមកហើយ មិនដែលមានសន្តិភាពដូចបច្ចុប្បន្ននេះទេ ។
ជាមួយគ្នានោះលោក សុខ លូ ក៏បានលើកឡើងពីការរៀបចំវេទិកាសាធារណៈនៅតាមភូមិ ដោយមានការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ
មន្ត្រី រដមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងបានណែនាំឱ្យមន្ត្រីមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីទទួលបានសំណើរ សំណូមពរ តម្រូវការ និងសេចក្តីកង្វល់របស់ប្រជាពលរដ្ឋ មកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារសម្រាប់ជួយ និងធ្វើការដោះ ស្រាយផងដែរ៕
0 comments:
Post a Comment