លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកទេសនិង នវានុវត្តន៍ ខេត្តបានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរ មូលដ្ឋាន និងគ ណៈកម្មការផ្សារ សែនមនោរម្យ ដើម្បីដំឡើងជញ្ជីងគំរូ ដែលមានសុក្រឹតភាព ច្បាស់លាស់ចំនួនពីរទីតាំងដើម្បីប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលទិញទំនិញត្រីសាច់ បន្លែ ផ្លែឈើ នៅក្នុងផ្សារនេះ អាចប្រើប្រាស់ ក្នុងការថ្លឹងផ្ទៀងផ្ទាត់គីឡូជាមួយនឹង ភ្នែកជញ្ជីងរបស់អ្នកលក់ ចៀសវាងការខាតបង់នានា។ លោក សុខ ប៊ុនធឿន បានបន្តថា មន្ទីរជំនាញមិនត្រឹមតែមានការដំឡើងជញ្ជីងយុត្តិធម៌នេះ ក្នុងផ្សារសែនមនោរម្យទេ គឺនៅគ្រប់បណ្ដាស្រុកផ្សេងទៀតក៏មានការដំឡើងជញ្ជីងនេះ ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ និងភាពត្រឹមត្រូវ ក្នុងការជួញដូរទំនិញនានា។ លោក អនុប្រធានមន្ទីរ ក៏បានសំណូមពរដល់ អាជីវករទាំងអស់ សូមយកជញ្ជីង ដែលប្រើសម្រាប់ថ្លឹងទំនិញត្រីសាច់ បន្លែ ផ្លែឈើនានា ទៅមន្ទីររៀងរាល់ម៉ោងធ្វើការដើម្បី ត្រួតពិនិត្យបច្ចេកទេស និងលក្ខណៈត្រឹមត្រូវឱ្យបានច្បាស់លាស់ ដើម្បីទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។
លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ បានថ្លែងអំណរគុណដល់មន្ទីរឧស្សាហកម្ម ដែលបានយកចិត្តទុកដាក់ បំពាក់ជញ្ជីងគំរូចំនួន ពីរគ្រឿង ក្នុងផ្សារក្រុងសែនមនោរម្យ ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់ អ្នកលក់ និងអ្នកទិញ អាចទទួលយកបាន របៀបត្រឹមត្រូវរៀងខ្លួន។ លោកអភិបាលរងក្រុង ក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាជញ្ជីងគំរូនេះ ឱ្យបានល្អប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-មណ្ឌលគិរី សម្រួលផ្សាយដោយ៖ ធូ កុសល
0 comments:
Post a Comment