-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, February 24, 2022

មន្រ្តីសុខាភិបាលខេត្តសៀមរាប ចុះពិនិត្យការលក់ថ្នាំព្យាបាលជំងឺកូវីដដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល នៅតាមឱសថស្ថាននានាក្នុងខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views




សៀមរាប: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យមើលតាមឱសថស្ថាននានាក្នុងខេត្តសៀមរាប អំពីការដាក់លក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល ជាពិសេសថ្នាំ Molnupiravir ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយនិងលក់ ព្រោះថ្នាំនេះពុំមានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល។

លោកស្រី លី វណ្ណៈ បានឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យតាមឱសថស្ថាននានាក្នុងខេត្តសៀមរាបមួយចំនួនធំរួចមក ឃើញថា មានឱសថស្ថានមួយចំនួនតូចប៉ុណ្ណោះ បានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែថ្នាំទាំងនោះសុទ្ធតែមានលេខបញ្ជីកា ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយមន្រ្តីជំនាញមិនទាន់រកឃើញការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលនៅក្នុងក្រុងសៀមរាបនោះទេ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ លោកស្រីបានណែនាំឱ្យម្ចាស់ឱសថស្ថានទាំងអស់ត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមដាច់ខាតការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល។ សម្រាប់ឱសថស្ថានណាដែលបានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលមានបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ ត្រូវលក់ក្នុងតំម្លៃសមរម្យកុំដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

លោកស្រី លី វណ្ណៈ បានលើកឡើងថា កាលពីផ្ទុះកូវីដ-១៩ដំបូងមានអាជីវករមួយចំនួនបានលក់ម៉ាសក្នុងតម្លៃថ្លៃហួសហេតុ ហើយឥឡូវនេះប្រភេទអូមីក្រុង បានរាតត្បាត តែមានថ្នាំព្យាបាល ។ ដូច្នេះសូមឱ្យម្ចាស់ឱសថស្ថានទាំងអស់ កុំលក់ថ្នាំព្យាបាលកូវីដនេះ ថ្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molmupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕ដោយ ឃុត សៅ សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment