-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, November 17, 2021

កម្ពុជាត្រូវការថវិកាប្រមាណ២២៥លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីន ឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

  (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ដើម្បីឱ្យកម្ពុជា សម្រេចបាននូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥ កម្ពុជាត្រូវការថវិកាប្រមាណ ២២៥លានដុល្លារបន្ថែមទៀត និងសូមឱ្យដៃគូអភិវឌ្ឍន៍ ក៏ដូចជារដ្ឋភាគីជាសមាជិកដែលមានលទ្ធភាពជួយដល់កម្ពុជា ដើម្បីបន្តដំណើររួមគ្នាសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០២៥។

ការបញ្ជាក់បែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ បានអាននូវសេចក្តីថ្លែងការណ៍ប្រចាំប្រទេសពីចម្ងាយជូនកិច្ចប្រជុំរដ្ឋភាគីលើកទី១៩ នៃអនុសញ្ញាស្តីពី ការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ឬអនុសញ្ញាអូតាវ៉ា (Anti-Personnel Mine Ban Convention) ដែលប្រទេសហូឡង់ ធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ។

កិច្ចប្រជុំនេះ មានរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីប្រទេសជាសមាជិករដ្ឋភាគីចំនួន១៦៤ និងបណ្តាអង្គការនានាលើពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍នោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងការ ចូលរួមឧបត្ថម្ភគាំទ្រលក្ខណៈមនុស្សធម៌ពីប្រទេសជាមិត្ត ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន៖

«… ការសម្រេចបាននូវសមិទ្ធផលរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីការងារបោសសម្អាតមីន មនុស្សធម៌បានចាប់ផ្តើមក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៩២មក ក្នុងនោះកម្ពុជា បានរំដោះផ្ទៃដីមានមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន២,២៨៧គីឡូម៉ែត្រក្រឡា យកមកប្រើប្រាស់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម សាងសង់លំនៅឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងជួយសង្រ្គោះជីវិតមនុស្សជាដើម។

ព្រមទាំងបានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ពី៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦មក នៅត្រឹម៦៥នាក់ ក្នុងឆ្នាំ២០២០ ក៏ដូចជាការដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា គឺ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្ជាតិ សកម្មភាពមីន ២០១៨-២០២៥។

កម្ពុជា នៅសល់ផ្ទៃដីមានមីន ប្រមាណជាង ៧៧៤គីឡូម៉ែត្រក្រឡា ហើយកំពុងបង្កើននូវកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផ្ទៃដី មានមីនតាមរយៈការស្រាវជ្រាវមិនបច្ចេកទេស និងការវាយតម្លៃលើការប្រើប្រាស់ដីជាដើម ដែលនេះជាវិធីសាស្រ្តមួយយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីមានមីន និងកែសម្រួលនូវយុទ្ធសាស្ត្រកៀរគរធនធានឱ្យស្របនឹងទស្សនវិស័យរបស់ម្ចាស់ជំនួយ។

ការងារចំពោះមុខកម្ពុជា បានជំរុញការអនុវត្តសាកល្បងនូវយន្តការភូមិអស់ការគំរាមដោយសារមីន ក្នុងគោលបំណងពង្រីកសហគមន៍សកម្មភាពមីន កម្ពុជាដោយចលនាកៀរគរឱ្យមានការចូលរួមធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍, វិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីបំពេញបន្ថែមលើការចូលរួមចំណែកដែលមានស្រាប់របស់ម្ចាស់ជំនួយ ក្នុងការបញ្ចប់ការគំរាមតាមភូមិនីមួយៗ និងតំបន់ដទៃទៀត ដើម្បីឱ្យប្រជាជនមូលដ្ឋានអាចធ្វើសកម្មភាពចិញ្ចឹមជីវិត និងការអភិវឌ្ឍផ្សេងៗ ប្រកបដោយសុវត្ថភាព។ ថ្មីៗនេះអាជ្ញាធរមីន បានចាប់ផ្តើមនូវយន្តការនេះ ប្រកបដោយជោគជ័យ នៅភូមិមួយក្នុងខេត្តកែប ហើយកំពុងបន្តពង្រីកយន្តការនេះទៅគ្រប់ភូមិទាំងអស់ ក្នុងប្រទេសដោយផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យឆ្នាំ២០២៥ …»។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ មិនអាចទៅរួចបានទេបើគ្មានការតាំងចិត្ត និងការចូលរួមប្រកបដោយទឹកចិត្តសប្បុរសពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ហើយលោកក៏បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូន ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន មនុស្សធម៌ចាប់តាំងពីឆ្នាំ១៩៩២ នូវទឹកប្រាក់ប្រមាណ ៤៦៤លានដុល្លារ ក្នុងខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានរួមចំណែកប្រមាណជាង១៦០លានដុល្លារ៕



0 comments:

Post a Comment