-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, August 20, 2021

ផ្លូវជាតិចំនួន៣ខ្សែ នឹងត្រូវលើក កម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូAC

ចំនួនអ្នកទស្សនា: Views

 


ផ្លូវជាតិចំនួន៣ខ្សែបន្ថែមទៀត នឹងត្រូវលើកកម្ពស់គុណភាពពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិចំនួន៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ៣ទៅស្រុកកំពង់ត្រាច, និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែបទៅស្រុកកំពង់ត្រាច។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣ខ្សែនេះ ត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ ដោយនៅរង់ចាំតែការរៀបចំបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិដែលត្រូវបានលើកកម្ពស់គុណភាពរួចហើយមាន៖ ផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២និង២២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, ផ្លូវជាតិលេខ៨, ផ្លូវជាតិលេខ៩, ផ្លូវជាតិលេខ១០។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បន្តថា ក្រៅពីគម្រោងកែលម្អផ្លូវជាតិទាំង៣ខ្សែនេះ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវាត់ក្រុងទី៤, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញាឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ(BOT)។ ជាមួយគ្នានេះ ក៏បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ។

ដោយឡែក សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ពេលនេះ សម្រេចបានប្រមាណ៧០ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីបម្រើដល់ការដឹកជញ្ជូន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៨ ២០២១


0 comments:

Post a Comment