មណ្ឌលគិរី៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្រ្តីជំនាញ បានចុះជួបសំណេះសំណាលសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក ថែមទាំងចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់កម្មករនិយោជិត និងនិយោជក នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ស្ថិតនៅតំបន់អូរខ្វាវ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា។


ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បន្ទាប់ពីទទួលបានវ៉ាក់សាំងចំនួន ១ម៉ឺន ២ពាន់ដូស ពីរាជរដ្ឋាភិបាល ក្នុងវគ្គទី៣ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា ក៏ដូចជា ចាក់ជូនដល់កម្មករនិយោជិតនិងនិយោជក នៅក្រុមហ៊ុន រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវនេះ ហើយជាបន្ទាប់ទៀត នឹងចាក់ជូនពលរដ្ឋនៅក្រុង/ស្រុក ចំនួន២ទៀត មានស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ។ ឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនរ៉ែមាសនេះ ត្រូវសហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ ហើយក៏សូមអំពាវនាវដល់កម្មករនិយោជិត និងនិយោជក ដែលទទួលបានវ៉ាក់សាំងទាំងអស់ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ពាក់ព័ន្ធនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ។

លោក គីមសៀន បញ្ញា ប្រធានក្រុមឆ្លើយតបបន្ទាន់ជំងឺឆ្លង និងជាអនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កម្មករជាតិ និងអន្តរជាតិ នៅក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ដែលមានអាយុចាប់ពី១៨-៦៥ឆ្នាំ សរុបជាង៣០០នាក់៕

0 comments:
Post a Comment