បាត់ដំបង :ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមអំណាចសាលដីកាស្ថាពររបស់សាលាដំបូងខេត្តចំនួន៦ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានចំនួនជាង៦០គីឡូក្រាម។ ពិធី នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.២៥៦៥ ត្រូវ នឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ជាតំណាងសាលាដំបូងខេត្តទាំង៦បានបញ្ជាក់ថា គ្រឿងញៀនជាង៦០គីឡូក្រាមនេះបានមកពីការខិតខំចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តទាំង៦ ក្នុងនោះខេត្តបាត់ដំបងមានប្រមាណជាង៤០គីឡូក្រាម ក្រៅពីនោះជារបស់ខេត្តចំនួន៥ផ្សេងៗទៀត។
លោកព្រះរាជអាជ្ញាបានបន្ដថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជន ឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍៖ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទិវានេះគឺជាសារអប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យ ឱ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់ដែលបង្ករឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសម្ដែងនូវឆន្ទៈ និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរចែកចាយ និងការប្រើប្រាស់គ្រឿងញៀន៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBKzZRQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--80a507bbed07eb4f961f098106dfaf6612497923/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-07-30_08-42-04.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBL0NRQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c94d57693d000c20c6e59af6913d5ac95a1f3635/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-07-30_08-41-50.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBKytRQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f7760e3d1fe46bf73d6abbff0aa6ba30f1dcfb14/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-07-30_08-41-39.jpg)
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង:សម្រួលដោយ:ដារ៉ា
0 comments:
Post a Comment