-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, June 14, 2021

ក្រុមជម្រើសជាតិទោចក្រយាន ចេញដំណើរទៅហ្វឹកហាត់នៅប្រទេសបារាំង

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ:  ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមជម្រើសជាតិកីឡាទោចក្រយាន(កង់) ចំនួន៣នាក់ កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា , សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់គឺលោក ខ្លូត ករណី បានចាកចេញពីមាតុភូមិកំណើត កាលពីល្ងាចថ្ងៃ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទឹកដីប្រទេសបារំាង ដើម្បីបន្តការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅទីនោះរយៈពេល៣ខែ។

បើតាមលោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា”AKP”ឱ្យដឹងថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកម្នាក់សរុប៤នាក់បានធ្វើដំណើរទៅដល់ប្រទេសបារំាង ប្រកបដោយសុវត្ថិភាពហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះជាឱកាសជាលើកដំបូង ដែលក្រុមជម្រើសជាតិទោចក្រយានកម្ពុជា បានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប ដោយសារតែការជួយជ្រោមជ្រែង និងទទួលបានឧបត្ថម្ភទាំង ស្រុងពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងទោចក្រយានកម្ពុជា (Cambodia Cycling Academy -CCA) ដែលមានទីស្នាក់ការនៅប្រទេសបារាំង និងកម្ពុជា។ ដោយសមាគមរបស់លោកស្រីនឹងជួយដល់ការស្នាក់នៅ ហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេក ទេស ជាមួយក្រុមជំនាញកម្រិតខ្ពស់នៅបារំាង។

អគ្គលេខាធិការរូបនេះអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែងលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឱ្យគុណភាពបច្ចេក ទេសរបស់កីឡាករ កីឡាការិនីប្រណាំងទោចក្រយាន ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ តាមការគ្រោងទុក នាពេលខាងមុខសហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀត ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ។

មុនពេលចេញដំណើរ លោក ខ្លូត ករណី គ្រូបង្វឹកកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំកីឡាករទាំង៣នាក់ ទៅហ្វឹកហាត់នៅប្រទេសបារាំងជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុប ជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេសកីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត។ ពីព្រោះថាយើងនឹងមានការប្រកួតធំៗជាច្រើនទៀត ជាពិសេសគឺគោលដៅ ស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ជម្រើសជាតិប្រណាំងទោចក្រយាន(កង់គក់)ទាំង៣នាក់នេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា និងកីឡាករ សាន ណាម៉ាវ ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំបន្តការហ្វឹកហាត់ នៅប្រទេសបារំាង ដើម្បីបង្កើនគុណភាពបច្ចេកទេស ជាមួយក្រុមកីឡាករអាជីពនៅប្រទេសបារំាង និងនាំយកនូវសិទ្ធផល ពីការហ្វឹកហាត់នោះ មកបម្រើដល់ការប្រកួតនានាសម្រាប់ជាតិកម្ពុជា នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេស គឺគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕ដោយហេង ណាលីន, សម្រួលផ្សាយ៖ all-news-frieds



0 comments:

Post a Comment