(ភ្នំពេញ)៖ រយៈពេល៩ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤០ម៉ឺននាក់ហើយ។
យោងតាមរបាយការណ៍ ដែល ព័ត៌មានទទួលបាននៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៩ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៨,០៨០នាក់ ស្រី ២៦,១១៨នាក់។ សរុប៩ថ្ងៃចាក់បានចំនួន ៣៩៩,៦១៧នាក់ ស្រី ២១៤,៤៣៨នាក់។
ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ៨៥,១១៧នាក់ ខណ្ឌដង្កោ ចាក់បាន ១០០,៩០៥នាក់ ខណ្ឌកំបូល ចាក់បាន ៧០,៨២៨នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៣២,៦៨០នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ៨,៩១៩នាក់ និងខណ្ឌទួលគោក ចាក់បាន ១,១៦៨។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
«ទឹកចិត្តបងប្អូនកងទ័ពរបស់យើងគាត់មុះមុតសម្រេចនូវការងារ ដែលជាបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ បងប្អូនកងទ័ពយើងគាត់ប្រឹងប្រែងអស់ពីបេះដូង ទោះបីលំបាក នឿយហត់ ឬតំបន់នោះប្រឈមការឆ្លងជំងឺ តែពួកគាត់មិនរុញរានោះឡើយ»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គូសបញ្ជាក់ពីវរៈភាពរបស់កងទ័ពក្នុងបេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហម។
បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តអំពាវនាវដល់ក្រុមការងារចាក់វ៉ាក់សាំង និងអាជ្ញាធរមូលដ្ឋានចូលរួមសហការគ្នាឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើឱ្យការងារចាក់វ៉ាក់សាំងនេះ បានកាន់តែលឿន និងមានភាពល្អប្រសើរថែមទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ជូនបណ្តាញព័ត៌មាន ក៏ឆ្លៀតបញ្ជាក់ជូនប្រជាពលរដ្ឋដែរថា ការចាក់វ៉ាក់សាំង និងការបំពេញបណ្ណព័ត៌មានចាក់វ៉ាក់សាំង គឺមិនមានគិតប្រាក់នោះឡើយ។ លោក ឥត សារ៉ាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំកុំបញ្ច្រៀតគ្នា អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកជាពិសេសដល់ប្រជាពលរដ្ឋ ត្រូវទៅចាក់តាមការរៀបចំរបស់អាជ្ញាធរ ដោយកុំបារម្ភរឿងមិនបានចាក់វ៉ាក់សាំង ព្រោះរាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់គ្នាគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក។
ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម៦ខណ្ឌនេះ មានចំនួនសរុបជាង ៦០ម៉ឺននាក់។
ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម។
ការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពខ្ពស់ចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ហើយបានចេញបទបញ្ជាឱ្យកងទ័ពសម្រុកចាក់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះឱ្យអស់ ដើម្បីបង្កើនភាពសុាំ។
ការជម្នះផលលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមនេះរីករាយជាខ្លាំង។ ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំង បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ក៏បានថ្លែងអំណរគុណ ក្រុមការងារ និងគ្រូពេទ្យកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ចំពោះការផ្តល់វ៉ាក់សាំងជូនពួកគាត់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងល្បឿនមួយយ៉ាងលឿន។ សម្តេចតេជោ បានគូសបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ រហូតដល់គ្រប់គ្នា ហើយបើមិនទាន់អស់គ្នានឹងមិនដកថយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឱ្យគោរពតាមវិធានរបស់សុខាភិបាល និងកុំបញ្ច្រៀតគ្នា ដែលបង្កើតហានិភ័យនៃការឆ្លងជំងឺ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងនឹងមានគ្រប់គ្នា គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ៕
0 comments:
Post a Comment