-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, May 8, 2021

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងស្មារតីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្ដបេសកកម្មមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្ដឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា និងក្នុងសារត្មីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់ នៅតាមគន្លងថ្មី។

ការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារ ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១។

តាមសារលិខិតដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំសូមអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលជំងឺកូវីដ-១៩ ពិតណាស់ សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន នឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាកបាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី»។

សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជាសកលជំងឺកូវីដ-១៩ និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀម ទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ត្រូវអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀនបន្សាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឱ្យបានប្រសើរជាងមុន។

ជាមួយនេះ ក៏ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង៤ ដែលជាភារកិច្ចស្នូល របស់កាកបាទក្រហមកម្ពុជា រួមមាន៖
១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ លើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព
៤៖ ការអភិវឌ្ឍស្ថាប័ន។

សូមជម្រាបថា បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២០ សម្រេចបាននូវសមិទ្ធផលសំខាន់ៗរួមមាន៖

* រក្សាបានការផ្តល់ថវិកា ១លានដុល្លារអាមេរិក សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ចំនួន ២ម៉ឺនដុល្លារអាមេរិក
* ផ្តល់អំណោយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានចំនួន ១១១,៧៨៤ គ្រួសារ ពិសេសដល់ប្រជាជនដែលទទួលរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវ
* អប់រំផ្សព្វផ្សាយស្តីពីហានិភ័យ និងទប់ស្កាត់ជំងឺរាតត្បាតជាសកលកូវីដ-១៩ តាមរយៈសកម្មភាព អ្នកស្ម័គ្រចិត្តចុះផ្ទាល់ដល់លំនៅឋាន សម្រេចបានជាង ១លានគ្រួសារ។ រីឯការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្រេចបាន ៤៧៧លើក មានអ្នកចូលរួមដោយផ្ទាល់ចំនួន ៦៤,៦០២នាក់
* បានកសាងលំនៅឋាន ផ្តល់ជម្រកដល់គ្រួសារឥតទីពឹង ចំនួន ៦៩ខ្នងផ្ទះ និងបានចាប់ផ្តើមឧបត្ថម្ភ ដល់ការសាងសង់ផ្ទះជូនអតីតយុទ្ធជន តាមរយៈសមាគមអតីតយុទ្ធជន ដែលក្នុងជំហានដំបូង គឺថវិកាចំនួន ៥០ម៉ឺនដុល្លារ សម្រាប់ផ្ទះ ១៦៦ខ្នង។
* ជីកអណ្តូងបានចំនួន ២១១អណ្ដូង សម្រាប់គ្រួសារតាមជនបទដាច់ស្រយាលចំនួន ៤,៧៣៧គ្រួសារ និងសាងសង់បង្គន់អនាម័យ សម្រេចបានចំនួន ៣២០បង្គន់
* ផ្តល់ប្រាក់កម្ចី សម្រាប់ជាដើមទុនលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះបំផុត បានចំនួន ២៩៦គ្រួសារ នៅតំបន់ប្រឈមគ្រោះថ្នាក់ដោយសារមីន។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូន ក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុត នាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា៕






0 comments:

Post a Comment