ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីភីកម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែល កំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ(ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយដាក់ទុនវិនិយោគប្រមាណ៦៧,៤លានដុល្លារ (នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស៊ីភីកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា)។ របាយការណ៍នេះក៏បានរៀបរាប់យ៉ាងពិស្តារផងដែរថា បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង មួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តប៉ៃលិន ដែលរោងចក្រទាំងពីរមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន៥៥ ០០០តោនក្នុងមួយខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោនក្នុងមួយឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោនក្នុងមួយឆ្នាំ ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀតក្រុមហ៊ុនបានស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញ បង្គ្រប់តាមតម្រូវការរបស់រោងចក្រ ជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ ។
ឯកឧត្តម បានបន្តថា ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាលក្នុងមួយសប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាលក្នុងមួយសប្តាហ៍ ។ដើម្បីបំពេញសេចក្តីត្រូវការសាច់មាន់និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាលក្នុងថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់និងមួយផ្នែកទៀត លក់ជាផលិតផលកែច្នៃមានដូចជា សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គីឡូក្រាម ។
ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីរក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឱ្យមាននិរន្តរភាព ចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករ សរុបចំនួន ២៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស ក្នុងគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១នេះក្រុមហ៊ុនមាន ដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារនៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថា នឹងមានការកើនឡើងជាបន្តបន្ទាប់ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩ ។
ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណី ឱ្យបានពី១៥ភាគរយ ទៅ ២០ភាគរយ ដើម្បីចូលរួមផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំនិងអាចធ្វើការនាំចេញផងដែរ ៕
វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
0 comments:
Post a Comment