ក្រចេះ: ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសិលាសាងសង់ឈាបនដ្ឋាន ត្រៀមសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅឯជាយក្រុងក្រចេះ ចំណុចវត្តកន្រ្ទីង ភូមិកន្រ្ទីង សង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពីរសៀលថ្ងៃច២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រះសង្ឃ លោកអាចារ្យ និងលោកយាយ លោកតា ជាច្រើននាក់ផងដែរ ។
នៅក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើពិធីបួង សួងសុំសេចក្ដីសុខឱ្យប្រជាពលរដ្ឋនៅខេត្តក្រចេះនិងប្រជាពលរដ្ឋកម្ពុជាទាំងមូល រួចផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តន៍តាមគោលការណ៍ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន។ពិសេសអនុវត្តន៍ឱ្យបានជាដាច់ខាតគោលការណ៍ ៣កុំ ៣ការពារ ដែលជាមធ្យោបាយចាំបាច់បំផុតក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ជាជំងឺដ៏កាចសាហាវដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់រួចមកហើយនៅក្នុងពិភពលោកយើងនេះ ៕
0 comments:
Post a Comment