ភ្នំពេញ : ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មិនសូវអំណោយផលសម្រាប់ប្រទេសកម្ពុជានោះទេព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯងក្នុងការការ ពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។ លោកជំទាវបន្ដថា ការទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅពេលនេះមានការពិបាកជាងព្រឹត្តិការណ៍សហគមន៍ លើកមុនៗពីព្រោះថាមានការពិបាកស្មុគស្មាញ ហើយមានការឆ្លងលឿនជាងមុនទៀត។ លោកជំទាវបន្ថែមថា ព្រឹត្តិការន៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងច្រើន ហើយមានករណីបំប្លែងខ្លួនពីវីរុសកូវីដ១៩ទៀតដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ។
ជាមួយគ្នានេះដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា លោកជំទាវ ក៏បានអំពាវនាវដល់អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលទាក់ទិននឹងទីតាំងដែលប្រកាសបិទជាបណ្តោះអាសន្នចំនួន ២៣កន្លែង ត្រូវតែស្ម័គ្រចិត្តក្នុងការទៅពិនិត្យ និងធ្វើតេស្តរកជំងឺកូវីដ១៩។ លោកជំទាវបានថ្លែងបញ្ជាក់ថា “អ្វីដែលចាំបាច់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋ គឺបើមិនចាំបាច់សូមកុំចេញពីផ្ទះ ហើយត្រូវមើលថែទាំ កុំឱ្យទៅណាមកណា ដើម្បីចៀងវាងការឆ្លងជំងឺកូវីដ១៩ ពីព្រោះឥឡូវជំងឺនេះបានបំប្លែងខ្លួនថ្មី អីចឹងបើយើងឆ្លង នឹងពិបាកហើយ”។ លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ការឆ្លងជំងឺនេះ មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ ឥឡូវនេះបានរីករាលដាលជំងឺកូវីដ១៩ ដល់ទីតាំងមួយចំនួននៅខេត្តកណ្តាលផងដែរ។ ទន្ទឹមនេះ ចំពោះអ្នកដែលគិតថាបានពាក់ព័ន្ធជាមួយព្រឹត្ដិការណ៍២០កុម្ភៈ សូមទៅពិនិត្យសុខភាព ពីព្រោះថាអ្នកដែលប៉ះពាល់សំខាន់គឺសមាជិកក្រុមគ្រួសារខ្លួន។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកឆ្លងសរុបនៅកម្ពុជាមានចំនួន ៥៩៣នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកើនឡើងដល់៩៩ ករណីហើយ និងមានអ្នកជាសះស្បើយ ៤៧៥នាក់ ៕
0 comments:
Post a Comment