-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 5, 2021

សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល

ចំនួនអ្នកទស្សនា: Views



 បាត់ដំបង៖សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលនិងជារៀងរាល់ថ្ងៃដោយសារទីនោះមាន ទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរ ផ្សងព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹប រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ងូតទឹកធ្លាក់ដ៏ត្រជាក់កាយ រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

លោកបន្តថាទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ ម៉ែត្រហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗនិងមានប្រភពទឹកធ្លាក់ពីលើភ្នំ  ដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ ។

លោកបញ្ជាក់ថា ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំ ព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗពិសេសពិសាអាហារប្លែកៗក្នុងតំបន់ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាច សិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង។

«កាលណាយើងធ្វើដំណើរតាមជ្រលងភ្នំ យើងឃើញទិដ្ឋភាពប្រជាកសិករយើងធ្វើដំណាំកសិកម្មហើយយ៉ាងណាមិញនៅពេលដែលយើងចូលទៅតំបន់នោះពោរពេញទៅដោយទឹកធ្លាក់ដែលត្រជាក់មានផ្ទៃដីទូលំទូលាយប្រមាណជាង ២គីឡូម៉ែត្រហើយមានថ្មភ្នំធម្មជាតិស្អាតៗដោយមាន ដើមផ្កាដើមឈើប្រណិតធំៗដែលជាទីទាក់ទាញភ្ញៀវទេសចរហើយជាពិសេសទៀតនៅលើខ្នងភ្នំនោះយើងអាចសំឡឹងមកឃើញតំបន់ផ្សេងៗទៀត ពិសេសនោះគឺយើងអាចឃើញរហូតទៅដល់សមុទ្រថៃឯណោះ»។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងមានចម្ងាយប្រមាណជាង៨០គីឡូម៉ែត្រពីក្រុងបាត់ដំបង៕

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា


0 comments:

Post a Comment