ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការចំពោះកិច្ចបានលើកឡើងថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” មកដល់ពេលនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមប្រកួតបានចំនួន ២៥៤នាក់ ខណៈដំណាក់កាលរៀបចំនីមួយៗកំពុងដំណើរការដោយរលូនបានប្រមាណ ៨០%ហើយ។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។
ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើរការ រៀបចំការប្រកួត មកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវចាប់ផ្តើមការប្រកួត ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។ គណៈកម្មការចំពោះកិច្ច តែងតែប្រជុំតាមដានត្រួតពិនិត្យ និងស្តាប់របាយការណ៍របស់អនុគណៈកម្មការប្រតិបត្តិ ដែលបាននិងកំពុងខិតខំរៀបចំបានយ៉ាងល្អប្រសើរ»។
កំណត់បង្ហាញរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការចំពោះកិច្ចមាន៥ចំណុចសំខាន់ៗ ដោយមកដល់ពេលនេះ អ្វីដែលទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី គឺ១.សម្តេចធិបតី បានអនុម័ត និងសម្រេចផ្តល់ថវិកាគ្រប់គ្រាន់ក្នុងដំណើរការរៀបចំ ក៏ដូចប្រាក់រង្វាន់ លើកទឹកចិត្តដល់ជ័យលាភី។
២.សម្តេចធិបតីបានសម្រេចចូលរួមពិធីបិទ ផ្តល់ពានរង្វាន់របស់ សម្តេចផ្ទាល់ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ និងចាត់តាំងរូបខ្ញុំ ក្នុងនាមប្រធានគណៈកម្មការចំពោះកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេច ចូលរួមពិធីបើក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។
៣.សម្តេចធិបតី បានសម្រេចបង្កើតគណៈកម្មការកៀរគរចំណូល ដើម្បីរៀបចំការប្រកួតនេះ រួចរាល់ និងគណៈកម្មការកំពុងដំណើរការការងាររបស់ខ្លួន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
៤.សម្តេចធិបតី ក៏បានទើបនឹងចេញសេចក្តីសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដែលជាក្រុមជំនុំសិក្សាស្រាវជ្រាវប្រវត្តិ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ បន្សល់ទុកមកឱ្យកូនខ្មែរគ្រប់ជំនាន់។
៥.រីឯ អនុគណៈកម្មការប្រតិបត្តិ ក៏បានរៀបចំការចុះឈ្មោះ ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហើយ ពេលពេលនេះក៏បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងបានរៀបចំរួចរាល់នូវក្រុមការងារ រៀបចំទីលាន ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការរៀបចំប្រព័ន្ធភ្លើង សម្លេង និងតុបតែង រីឯការផ្សព្វផ្សាយ ក៏បានចាប់ផ្តើមផ្សាយ ដោយបានលើកផ្ទាំងបដាធំនៅខ្លោងទ្វារពហុកីឡដ្ឋានជាតិ តាមបណ្តេញសង្គម ទូរទស្សន៍ និងVideo ផ្សព្វផ្សាយបានចាក់គ្រប់ផ្ទាំង LED ធំៗ តាមដងផ្លូវធំៗហើយដែរ។ រីឯ ការផលិត Video ព្រលឹងយុទ្ធគុនបន្ថែមមួយថ្មីទៀត ប្រកបដោយការទាក់ទាញក៏បានផលិតរួចរាល់ ចាប់ផ្តើម ផ្សព្វផ្សាយផងដែរ។ បានន័យថា ការត្រៀមរៀបចំបានដំណើរការរលូន និងត្រៀមបានល្អគ្រប់ផ្នែកការងារ ដោយធានាបាននូវគុណតម្លៃ នៃព្រឹត្តិការណ៍ប្រកួតនេះទាំងស្រុង។ សូមបន្តជួយផ្សព្វផ្សាយនូវយុទ្ធនាការអប់រំ បញ្ជ្រាបការយល់ដឹងយុទ្ធគុនដូនតាខ្មែរ ឱ្យបានដល់សង្គមជាតិ យ៉ាងទូលំទូលាយ គ្របដណ្តប់ទូទាំងប្រទេស៕អត្ថបទ៖ហេង ណាលីន, ផ្សាយដោយ៖ កន ចំណាន (រូបភាព៖ យឹម សុវឌ្ឍនា)
0 comments:
Post a Comment