-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, August 8, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានសាកលវិទ្យាល័យ De Montfort នៅកម្ពុជា គឺជាការផ្តល់តម្លៃដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា តាមរយៈផ្ដល់ការអប់រំដល់និស្សិតកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (De Montfort) គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បី De Montfort របស់ចក្រភពអង់គ្លេស នៅព្រឹកទី៨ ខែសីហា ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយនឹងមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិ និងជាដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សាទាំងរយៈពេលខ្លី និងវែង នៅចក្រភពអង់គ្លេស ឬនៅប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និងការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

សូមជម្រាបថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយ របស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត មានកម្រិតស្តង់ដារអន្តរជាតិ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុយបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ (កម្ពុជា)។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២០ របស់ចក្រភពអង់គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យតែមួយគត់ នៅចក្រភពអង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕

0 comments:

Post a Comment