នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកនូវកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះមានគោលបំណង បង្ហាញពីសមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក ,ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍, ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍គណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយ ឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៣៥រូប។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរដល់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានប្រឹងប្រែង ចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក។ ក្នុងឱកាសនេះលោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ច របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា ការលុបបំបាត់អេដស៍បានតាមគោលការណ៍ របស់អង្គការសហប្រជាជាតិ គឺបញ្ចុះឱ្យបាន ១០ភាគរយ នៃលទ្ធផលដែលសម្រេចបានកាលពីឆ្នាំ២០១០ តាមរយៈការដាក់គោលដៅសម្រេចឱ្យបាននូវគោលដៅ ៩៥-៩៥-៩៥។ តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី គឺគោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង ៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប)។ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសដែលប្រព្រឹត្តទៅរៀងរាល់ខែ។ ការមាក់ងាយ និងរើសអើង នៅមាននៅឡើយក្នុងសង្គមកម្ពុជា។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានវិធាននានា ក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។ យើងបានរិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅទាំងបី ហើយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ)។ ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការ ឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បានអនុញ្ញាតិឱ្យមានការបង្ហាញជូនពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមបណ្ឌិត បានបង្ហាញដោយសង្ខេបពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ដោយផ្តោតដូចខាងក្រោម៖
ទី១, គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍៖ មានគោលបំណង ១)-សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ ២)-សម្រេចទប់ស្កាត់ការស្លាប់ ដោយសារអេដស៍ឱ្យបានក្រោម ២០០នាក់ក្នុងមួយឆ្នាំ ៣)-បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨សម្រាប់អនុវត្ត។
ទី២, ផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុខភាពល្អ មានផលិតភាព មានសិទ្ធិពេញលេញ គ្មានមេរោគអេដស៍ និងជំងឺអេដស៍ និងគ្មានការមាក់ងាយ និងរើសអើង។
ផែនការជាតិនេះ មានគោលដៅ ឆ្លើយតបនឹងមេរោគអេដស៍ជាពហុវិស័យ ប្រកបដោយចីរភាពដែលធានាថា ជំងឺអេដស៍លែងជាការគំរាមកំហែងសុខភាពសាធារណៈ។ ផែនការយុទ្ធសាស្រ្តជាតិ មានគោលបំណងចំនួន៤ គឺ១) ផ្តល់ការបង្ការ ព្យាបាលថែទាំ និងគាំទ្រទូលំទូលាយ និងមានប្រសិទ្ធភាព តាមរយៈការសម្របសម្រួលល្អ និងប្រើប្រាស់វិធីសាស្រ្តជំរុញការចូលរួមជាពហុវិស័យ។ ២) ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម និងបង្កើតបរិយាកាសអំណោយផលឱ្យក្រុមប្រជាជនគន្លឹះ និងក្រុមអ្នកផ្ទុកមេរោគអេដស៍ ទទួលបានសេវាអេដស៍ សេវាសុខាភិបាល និងសេវាគាំទ្រផ្នែកច្បាប់ និងសង្គម។ ៣) កសាងសមត្ថភាពស្ថាប័ន និងកែលម្អការធ្វើសមាហរណកម្មការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងវិស័យសុខាភិបាល និងវិស័យមិនមែនសុខាភិបាល និង៤) ធានាចីរភាពសមិទ្ធផលជាតិនៃការឆ្លើយតបនឹងមេរោគអេដស៍។
ជាមួយគ្នានេះ ក៏មានបទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ លោកក៏បានបង្ហាញវិធាននៃការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។
ឯកឧត្តម ថោង សុគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន មានថ្លែងថា ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី បន្ទាប់ពីកិច្ចប្រជុំនៅចុងខែឧសភានេះ ហើយ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងយកវិធានទាំងនេះ ទៅបង្កើតជាផែនការសម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងដាក់ឆ្លងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី៕
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដាក់ឲ្យអនុវត្តនូវវិធាននានា នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តីព្រមទាំងដាក់ឆ្លងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី៕
0 comments:
Post a Comment