ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុនប៊ូយ៉ុង(Boo Young)ដែលជាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឱ្យទទួលយកនិស្សិត និងសិក្ខាកាមរបស់កម្ពុជាឱ្យចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បីដកស្រង់បទពិសោធន៍ការងារ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងក្រុមហ៊ុនស្តង់ដាអន្តរជាតិមួយនេះ។ ការជំរុញដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក យ៉ុងមេន លី(Yong Man Lee)ប្រធានក្រុមហ៊ុនប៊ូយ៉ុង(Boo Young)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចសំខាន់នៃការផ្តល់ឱកាសកម្មសិក្សាដែលក្រុមហ៊ុនអាចទទួលយកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិតតាំងពីថ្នាក់ជំនាញបច្ចេកទេស កម្រិតការងាររដ្ឋបាល រហូតដល់កម្រិតគ្រប់គ្រងដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញដល់យុវជនកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ហើយក៏ជាចំណុចគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។
ឯកឧត្តមរដ្ឋមន្ត្រី បានលម្អិតពីកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលជាផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យយុវជនមានជំនាញបច្ចេកទេសវិជ្ជាជីវៈក្លាយជាកម្លាំងពលកម្មដែលមានសមត្ថភាព និងផលិតភាពខ្ពស់។ ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការផ្តល់សម្ភារៈ ឧបករណ៍ដល់កម្ពុជាដើម្បីពង្រឹងសមត្ថភាពនៃការសិក្សា និងអនុវត្តជាក់ស្តែង។
ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង បានអបអរសាទរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអះអាងថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យដ៏សំខាន់មួយនេះរបស់រាជរដ្ឋាភិបាលកម្ពុជា៕
0 comments:
Post a Comment