-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, August 26, 2023

លោកស្រី ឱ វណ្ណឌីន ជំរុញដល់អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ សហការរួមគ្នា ទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញដល់កម្មវិធីជាតិសុខភាពភ្នែក (NPEH)នៃក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងអង្គការដៃគូមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) បន្ដសហការរួមគ្នា ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

ការថ្លែងបែបនេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ដាក់ឱ្យអនុវត្តគម្រោងសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ Sustainable and Equitable Eye-health through Integrated People-Centred Eye Care (SEE-IPEC)

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងការគាំទ្រ១០០% ដែលកម្មវិធីជាតិសុខភាពភ្នែក សហការជាមួយអន្តរវិស័យ រៀបចំ និងអនុវត្តគម្រោងគាំទ្រដល់ប្រព័ន្ធសុខាភិបាល និងគិតគូរពីនិរន្តរភាព។ លើសពីនោះ លោកស្រីក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គសិក្ខាសាលាផងដែរដូចជា៖

១៖ បន្ត និងជំរុញបន្ថែម ក្នុងការសហការ ធ្វើការរួមគ្នាភាពជាដៃគូល្អ ដើម្បីទប់ស្កាត់និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា។

២៖ កម្មវិធីត្រូវតែរៀបចំ និងអនុវត្តជាការឆ្លើយតបតាមបែបបរិយាបន្ន ( Inclusive Program)

៣៖ សូមឱ្យក្រសួងអប់រំ ជួយជំរុញការអប់រំ សិស្សានុសិស្សនៅតាមសាលារៀនអោយយល់ដឹង និង ថែទាំសុខភាពភ្នែក។

៤៖ ខិតខំជំរុញឱ្យមានការចូលរួមសកម្មពីសហគមន៍

៥៖ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី រៀបចំគម្រោងថ្មីៗបន្ថែមទៀត ដោយមានគោលដៅយុទ្ធសាស្រ្តស្របជាមួយនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ទន្ទឹមនឹងអនុសាសន៍ខាងលើ លោកសាស្រ្តាចារ្យ ងី ម៉េង នាយកកម្មវិធីជាតិសុខភាពភ្នែក ក៏បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលផ្តល់សេវាថែទាំសុខភាពភ្នែក សហការគ្នា តម្រង់ទិសការងារសុខភាពភ្នែក ឆ្លើយតបរួមគ្នា ដើម្បីកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះ និងសម្រចបានគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្តជាតិក្រសួងសុខាភិបាល។ ក្នុងន័យនេះដែរ លោកសំដៅដល់ការផ្តល់សេវាសុខភាពភ្នែកដោយស្មើភាព ប្រកបដោយគុណភាព និងសមធម៌។

សូមជម្រាបថា គម្រោងសុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌ មានថវិកាប្រមាណ ២.៣លានដុល្លារ ដែលគាំទ្រថវិកាដោយមូលនិធិហ្វ្រដហូឡូ អនុវត្តក្នុងខេត្តគោលដៅចំនួន៦។ គោលបំណងចម្បងៗ នៃគម្រោងនេះ គឺរួមចំណែកគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព និងបង្កើនសេវាសុខភាពភ្នែកតាមរយៈ (១). ការគាំទ្រការពង្រឹងអភិបាលកិច្ចនៃសេវាសុខភាពភ្នែក (២). ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព មន្ត្រីសុខភាពភ្នែក (៣). ការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋស្តីពីការថែទាំសុខភាពភ្នែក (៤). ការផ្តល់សេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងមេត្រីភាព។

សម្រាប់សិក្ខាសាលានៅថ្ងៃនេះ ចំពោះអ្នកចូលរួមតំណាងមកពីក្រសួងសុខាភិបាល កម្មវិធីជាតិសុខភាពភ្នែក ក្រសួងអប់រំយុវជននិងកីឡា ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាសកម្មភាពជនពិការ DAC, តំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា មន្ទីរសុខាភិបាលខេត្ត បុគ្គលិកមន្ទីរពេទ្យ តំណាងមន្ទីរកិច្ចការនារីខេត្ត តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងអង្គការជនពិការកម្ពុជា និងអង្គការដៃគូដែលកំពុងអនុវត្តកម្មវិធីសុខភាពភ្នែកទាំងអស់ ក៏បានប្ដេជ្ញារួមគ្នា ដើម្បីចួលរួមទប់ស្កាត់ និងឆ្លើយតប ចំពោះបញ្ហាសុខភាពភ្នែកនៅកម្ពុជា៕

0 comments:

Post a Comment