(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានចាត់ក្រុមការងាររបស់លោក ទៅសួរសុខទុក្ខលោកតាវ័យ ៨៦ឆ្នាំម្នាក់ គឺលោកតា ហាក់ សៀងឡាយ ដែលខំស្កាត់ពីខេត្តក្រចេះ មកដល់រាជធានីភ្នំពេញ ដើម្បីទស្សនាការការប្រកួតកីឡាអុកចត្រង្គ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

លោកតា ហាក់ សៀងឡាយ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ កាលពីម្សិលមិញ ក្នុងគោលបំណងត្រៀមចូលរួមទស្សនា និងអបអរសាទរពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នាថ្ងៃទី០៥ ខែឧសភា ក៏ដូចជាទស្សនាកីឡាអុក ដែលជាកីឡាលោកចូលចិត្ត និងចេះលេងតាំងពីក្មេង។ តែពេលមកដល់ ដោយកីឡាអុកចត្រង្គចាប់ផ្ដើមការប្រកួតមុន លោកក៏បានចូលរួមទស្សនាផ្ទាល់រៀងរាល់ថ្ងៃ ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំសហព័ន្ធ កីឡាករ ក៏ដូចជាប្រជាពលរដ្ឋ ចំពោះការលះបង់របស់លោកតា។

ដោយមើលឃើញពីការលះបង់ ដោយស្មោះស្ម័គ្រ និងតស៊ូធ្វើដំណើរតាមម៉ូតូដោយខ្លួនឯង រាប់រយគីឡូម៉ែត្រ ដើម្បីគាំទ្រកីឡាជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ លោកនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាត់ក្រុមការងារចុះមកសួរសុខទុក្ខលោកតា ហាក់ សៀងឡាយ ផ្ទាល់នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាទីកន្លែងប្រកួតកីឡាអុកចត្រង្គ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនលោកតា សម្រាប់ប្រើប្រាស់ អំឡុងពេលស្នាក់នៅ និងធ្វើដំណើរចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជានេះផងដែរ៕