(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ជាមួយគ្នានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
កម្មវិធីទាំង៣នោះរួមមាន៖ ទី១) កម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទី២) ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទី៣) សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។ កម្មវិធីទាំង៣នេះ ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កិច្ចសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីកម្មករ និយោជិត សរុបចំនួន ២៤,២៣៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសនេះ បានចំនួន ៤លើក រួចមកហើយ ដែលលើកទី១ នៅឆ្នាំ២០០៨ ក្នុងពិធីបញ្ចុះបឋមសិលាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ទី២ នៅឆ្នាំ២០១៦ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទី៣ និងទី៤ នៅឆ្នាំ២០១៨ ចំនួន ២លើក ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន១៧៥ ផលិតសម្ភារសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិតផលសូឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀកបំពាក់ ស្បែកជើង។ល។ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន បារាំង អៀឡង់ដ៏ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។
ប្រតិបត្តិការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ២.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ និងផ្ដល់ការងារជូនកម្មករនិយោជិតប្រមាណជិត ៣ម៉ឺននាក់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អ និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះ, លក់ដូរម្ហូបអាហារ, ដឹកជញ្ជូន។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានា សកម្មភាពមនុស្សធម៌ជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ផងដែរ។
ដោយឡែករោងចក្រផលិតសំបកកង់ ដែលសម្ពោធនៅថ្ងៃស្អែកនេះ គឺជាក្រុមហ៊ុនវិនិយោគរបស់ចិន មានឈ្មោះ រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ដែលមានលោក គូឆួយ ម្ចាស់ក្រុមហ៊ុន និងលោក
ថាវ គួចុង នាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា។
រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិដែលមាននៅក្នុងស្រុកជិត ៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់
កម្ពុជា។
រោងចក្រនេះអាចផលិតសំបកកង់រថយន្តគ្រប់ប្រភេទជិត ១.៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់៕
0 comments:
Post a Comment