ពោធិ៍សាត់: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន សហការជាមួយអង្គការដៃគូ ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ចាប់ផ្ដើមបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ លើកទី២ នៅក្នុងស្រុកវាលវែង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះដើម្បីជំរុញ និងផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ដឹងពីសារៈសំខាន់របស់សត្វព្រៃ និងដើម្បីបញ្ឈប់ការដាក់អន្ទាក់ បរបាញ់ និងសម្លាប់សត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ។ ជាពិសេសពិធីបើកយុទ្ធនាការអន្ទាក់សូន្យនាថ្ងៃនេះ ក៏ចំថ្ងៃនៃទិវាភពផែនដីផងដែរ។
ថ្លែងក្នុងសន្និសីទស្ដីពី អន្ទាក់សូន្យជាលើកទី២នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែមេសា ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា យុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ នឹងចូលរួមកាត់បន្ថយការសម្លាប់សត្វព្រៃបន្ថែមទៀតនៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តមគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ជាខេត្តដែលមានតំបន់ការពារធម្មជាតិដ៏ធំមួយ ជាក់ស្ដែងគឺ តំបន់ជួរភ្នំក្រវាញតែម្ដង។
អ្នកនាំពាក្យដដែលបានបង្ហាញជំនឿថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ក៏នឹងបន្តចូលរួមផ្ដល់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពបរបាញ់ ឬដាក់អន្ទាក់ ដែលបង្កជាគ្រោះថ្នាក់ដល់សត្វព្រៃ។ ឯកឧត្តមកត់សម្គាល់ឃើញថា គិតត្រឹមរយៈពេល៧០ឆ្នាំចុងក្រោយនេះ បរិមាណសត្វព្រៃដែលរស់នៅក្នុងព្រៃធម្មជាតិមានការថយចុះប្រមាណ៦០ភាគរយ ដោយសារការបាត់បង់ទីជម្រក ការបរបាញ់ និងការដាក់អន្ទាក់។ យ៉ាងណា ក្រោយទទួលបានសុខសន្តិភាព កម្ពុជាបានស្ដារឡើងវិញលើការងារអភិរក្សសត្វព្រៃ ហើយសម្រេចបានការអភិរក្សសត្វព្រៃនៅកម្ពុជាប្រកបដោយប្រសិទ្ធភាពឡើងវិញ។
អន្ទាក់គឺជាឧបករណ៍ដែលបង្កគ្រោះថ្នាក់ខ្លាំងចំពោះសត្វព្រៃ ខណៈបរិមាណអន្ទាក់នៅក្នុងព្រៃធម្មជាតិនៅតែបន្តមាន។ ជាដំណោះស្រាយ រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានដាក់ចេញវិធានការ ក្នុងការបង្វែរមុខរបររបស់ប្រជាសហគមន៍ដែលនៅជុំវិញ និងនៅជិតតំបន់ដែនជម្រកសត្វព្រៃ ឱ្យពួកគេវិលមកប្រកបរបរផ្សេងពីការបរបាញ់ និងដាក់អន្ទាក់ ក្នុងនោះរួមមានដូចជា៖ មុខរបរធ្វើកសិកម្មជាដើម។
គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ មន្ត្រីក្រសួងបរិស្ថាន រួមជាមួយអង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរជំនាញពាក់ព័ន្ធនឹងបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ លើកទី១នៅក្នុងទីរួមខេត្តពោធិ៍សាត់។ ខេត្តពោធិ៍សាត់ជាខេត្តទី១ដែលនឹងចាប់ផ្តើមយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២។ ខេត្តនេះមានតំបន់ការពារធម្មជាតិចំនួន៦ រួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩,២៩៧ហិកតា៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ អ៊ុន រិទ្ធី សម្រួលផ្សាយដោយ៖ Darä
0 comments:
Post a Comment