កែប៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទសរុបប្រមាណជាង២០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានមកជួបជុំគ្នានៅបរិវេណ ឆ្នេរលេងទឹក(ស្រីសរ) ខេត្តកែប ដើម្បីប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងចូលមកដល់ នៅថ្ងៃទី២៤ ដល់ ២៦ ខែ កញ្ញានេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។ ពិធីអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងដោយមានការសួរ និងឆ្លើយសំណួរពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់ ទៅលើការបើកបរទោចក្រ យានយន្ត (ម៉ូតូ) និងផ្ដល់ជូននូវមួកសុវត្ថិភាព សៀវភៅណែនាំ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងស្ទិកគ័រ បង្ហាញនិមិត្តសញ្ញាចរាចរណ៍ផងដែរ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ផ្តាំផ្ញើ ដោយសង្កត់ធ្ងន់ ដល់អាជ្ញាធរក្រុង ស្រុក ពិសេសកងកម្លាំងនគរបាលចរាចរណ៍ ត្រូវប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ដែលមកសម្រាក លំហែកម្សាន្តក្នុងភូមិសាស្ត្រខេត្តកែប ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ការអប់រំផ្សព្វផ្សាយនេះ គឺជាសកម្មភាពដែលខេត្តកែប ធ្វើឡើងជាទម្លាប់ ជារៀងរាល់ពេលមានពិធីបុណ្យជាតិ អន្តរជាតិ ក៏ដូចជាក្នុងឱកាសឈប់សម្រាកផ្សេងៗ ដើម្បីឱ្យមានការត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងជាការពញ្ញាក់ស្មារតី ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង- អ្នកដទៃ និងសុវត្ថិភាពសាធារណៈ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជីវករ ដែលបម្រើសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននានា សូមមេត្តា កុំឆ្លៀតឱកាសដំឡើងថ្លៃជ្រុលហួសហេតុ រក្សាតម្លៃសមរម្យ កុំគេងប្រវ័ញ្ចភ្នែកជញ្ជីង រក្សាឱ្យបាននូវគុណភាព អនាម័យ និងទទួលភ្ញៀវ ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ ពិសេស ត្រូវប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ដើម្បីសុខសុវត្ថិភាពទាំងខ្លួនឯង និងភ្ញៀវទេសចរ៕
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0Q5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--66da7a5ab8877aed087ad09497f6f0678387911a/CA59E675-2A16-4529-AC79-8A71F17.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0w5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--488ac659db9619d2c8d5de274a2dee5501c3ae8b/6B640FC9-5D0E-4255-A200-72CCF2A.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN1A5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--c467f5b6b9c651ea3a584aeaead5b1c6875147d1/17018C91-1F6E-40C3-841D-9990D39.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN1g5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--463f8344f26d7befc4dc5d6138f083572fc2383f/006264E2-FBA1-4891-97D8-531E66D.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN1Q5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--627378f112d95f473e42eaca4948a81173f64522/B40BD2F5-C5DF-4C12-B211-D989068.jpeg)
![](https://static.information.gov.kh/rails/active_storage/blobs/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0g5QXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--48fc06845490a53e53f42e8958fa50cc6296d3f5/0E47FF94-1906-43FF-9CC1-5FD30B5.jpeg)
0 comments:
Post a Comment