-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 2, 2022

អាជ្ញាធរអប្សារាគ្រោងនឹងបញ្ចប់គម្រោងជួសជុលច្រាំងកសិណខាងជើងមុខប្រាសាទអង្គរវត្ត ប្រវែងចំនួន២០ម៉ែត្រ បន្ថែមទៀតនៅចុងឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 ខេត្តសៀមរាប :អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារជួសជុល ច្រាំងកសិណខាងជើងមុខប្រាសាទអង្គរវត្ត ប្រវែងចំនួន២០ម៉ែត្រ បន្ថែមទៀតនាចុងឆ្នាំ២០២២ខាងមុខ ដើម្បីធានាឱ្យច្រាំងនេះមាន ភាពរឹងមាំនិងសោភ័ណភាពស្រស់ស្អាត។  លោកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ជាប្រធានការដ្ឋានជួសជុលច្រាំងកសិណអង្គរវត្ត ជ្រុងខាងជើង បានឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិណខាងជើង មុខប្រាសាទអង្គរវត្ត ដំណាក់កាលទី៧ មានប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត លើការងារជួសជុលពង្រឹងគ្រឹះ និងរៀបកាំជណ្តើរពីថ្មបាយក្រៀម ព្រមទាំងត្រៀមរៀបកាំជណ្តើរធ្វើពីថ្មភក់បុរាណតាមលំនាំដើមឡើងវិញ។ លោកស្រីបន្តទៀតថា ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២២ មកដល់ពេលនេះ ដំណើរការជួសជុល សម្រេចបានប្រមាណ៤០ភាគរយហើយ លើការងារជួសជុលពង្រឹងគ្រឹះនៃបាតច្រាំងកសិណ រៀបកាំជណ្តើរពីថ្មបាយក្រៀមថ្មី ជំនួសថ្មបាយក្រៀមចាស់ពុកផុយខូចខាតទាំងអស់ឡើងវិញបាន៧កាំ ព្រមទាំងបានរក្សាទម្រង់ដើមរបស់លូបុរាណ ដោយប្រើថ្មបាយក្រៀមថ្មី ជំនួសថ្មបាយក្រៀមចាស់ដែលពុកផុយនៅផ្នែកខាងមុខជាប់នឹងមាត់ច្រាំងកសិណ ហើយត្រៀមនឹងរៀបកាំជណ្តើរធ្វើពីថ្មភក់ចំនួន៤កាំជាបន្តទៀត។ លោកស្រីបញ្ជាក់ទៀតថា ជំហានដំបូង ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ប្រទះឃើញលូបង្ហូរទឹកបុរាណ ដែលមានទំនាក់ទំនងពីកសិណទឹកប្រាសាទអង្គរវត្តទៅនឹងត្រពាំងសេសនៅមានស្ថានភាពល្អ។ ជាមួយគ្នានោះ ក្រុមការងារក៏បានបិទទំនប់ទឹក ដើម្បីសម្រួលដល់ការងារជួសជុលគ្រឹះច្រាំងកសិណ ធ្វើសម្រង់ប្លង់ថ្ម ដែលជ្រុះធ្លាក់ចូលទៅក្នុងច្រាំង ព្រមទាំងរុះរើថ្មដោយប្រើកៅឡាក់អូសចេញពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុល មុននឹងយកមករៀបនៅទីតាំងដើមវិញផង។ ក្នុងនោះគម្រោងជួសជុលច្រាំងកសិណខាងជើងនៃមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខ។ សំឡេង៖យើងចាប់ផ្តើមតាំងពីឆ្នាំ២០១៣មក រហូតដល់ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរាយើង បានជួសជុលប្រវែង១៤៣ម៉ែត្រហើយ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ យើងបន្តជួសជុល២០ម៉ែត្រហ្នឹង គិតទាំង១៤៣ម៉ែត្រហ្នឹង គម្រោងរបស់យើងក្នុងឆ្នាំ២០២២នេះចាប់ផ្តើម នៅក្នុងខែ៣ ហើយយើងគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២២ហ្នឹង។ហើយការងារដែលយើងបានធ្វើនេះ គឺបានរៀបកាំជណ្តើរថ្មបាយក្រៀម រហូតដល់កាំទី៧ហើយ ដែលមានពីរជួរទន្ទឹមគ្នា បន្ទាប់ពីយើងបញ្ចប់កាំទី៧ហ្នឹង យើងនឹងរៀបថ្មភក់ចាស់ ដែលយើងរើយកទៅទុក ហ្នឹង យើងរៀបត្រឡប់មកវិញ បន្ទាប់ពីយើងបានជួសជុលថ្មដែលបែកបាក់ហ្នឹង។ លោកស្រី នង បូរ៉ាវី បុរាណវិទូ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការងារជួសជុលកសិណនេះថា ដោយសារការដ្ឋានជួសជុលនៅជាប់នឹងមាត់ទឹក  គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួសជុលពង្រឹងគ្រឹះជាចាំបាច់។ បញ្ហាប្រឈមមួយទៀតគឺនៅអំឡុងពេលធ្វើការងារ ក៏មានជ្រាបទឹក ហើយត្រូវបូមទឹកចេញជាប្រចាំ។ កសិណផ្នែកខាងលិចនៃប្រាសាទអង្គរវត្ត ជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមមកផ្តិតយករូបភាព ប្រាសាទអង្គរកំពូលប្រាំដ៏ស្រស់ស្អាត។ នៅពេលការជួសជុលរួចរាល់ជាស្ថាពរ នឹងលើកសោភ័ណច្រាំងកសិណ ស្រស់ស្អាតទ្វេឡើង ហើយរក្សាបាននូវស្នាដៃដូនតាបានយូរ អង្វែងជាច្រើនជំនាន់ទៅមុខទៀតផង។ សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានជួសជុលច្រាំងកសិណអង្គរវត្ត ជ្រុងខាងជើង សរុបបានប្រវែង១៤៣ម៉ែត្រ៕


0 comments:

Post a Comment