-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 9, 2022

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណជាង ៨០ ឆ្នាំមួយនេះ ដែលជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹងបុព្វបុរសរបស់ជាតិក្នុងអតីតកាល និងសូមថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អំណោយផលនៃសុខសន្តិភាព និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច តាមរយៈជ័យជម្នះលើសមរភូមិក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់គ្នាអាចរស់នៅក្នុងជីវភាពប្រក្រតីឡើងវិញលើគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់ទីកន្លែង ដែលជាក់ស្តែងនោះ គឺការជួបជុំ ចូលរួមសម្ពោធសមិទ្ធផលនានាជាច្រើន ប្រកបដោយក្តីរីករាយជុំញាតិជុំមិត្ត និងសទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យកុសល ដូចក្នុងថ្ងៃនេះផ្ទាល់។ វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង ០២ ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើនត្រូវបានដាក់ចេញយ៉ាងលឿនរហ័សប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយមានលក្ខណៈល្អប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារនិងរក្សាស្ថិរភាពលំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់នៅក្នុងវិបត្តិសាកលដ៏ធ្ងន់ធ្ងរមួយនេះ។

ឯកឧត្តមបណ្ឌិត បានបន្តថា ដោយបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានត្រៀមរួចរាល់ជាស្រេច ក្នុងការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែមទៀត ជាពិសេសវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកតែម្តងសម្រាប់ចាក់ជូនប្រជាពលរដ្ឋយើង ដើម្បីបន្តបង្កើនភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេស ដែលគាំទ្រដល់និរន្តរភាពនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋ និងដំណើរការបើកប្រទេសលើគ្រប់វិស័យ ដែលបានដំណើរការយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលមកដល់ពេលនេះ។ សូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយក៏សូមយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សាសុខភាពឱ្យរឹងមាំ ពីព្រោះពុំមានអ្វីសំខាន់ និងមានតម្លៃជាងសុខភាពនោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។




0 comments:

Post a Comment