សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Wednesday, April 20, 2022

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

គម្រោងសាងសង់សំណង់ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាប្រមាណ ៣៦លានដុល្លាអាមេរិក។

គម្រោងនេះ បានអនុវត្តន៍ការងារដូចខាងក្រោម៖

១៖ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២.៦គីឡូម៉ែត្រ។ ក្នុងនោះនៅភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ និងនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។

២៖ សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ជម្រៅ ៤ម៉ែត្រ មានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង ១វិនាទី។

៣៖ បំពាក់ម៉ាសុីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។

៤៖ ផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

លោក សាំ ពិសិដ្ឋ បានឱ្យដឹងផងដែរថា តាមរយៈនៃការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា និងវិច្ឆិកាឆ្នាំ២០២១កន្លងមក បានសង្កេតឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រិតក្រោម ៤០មិល្លីម៉ែត្រក្នុង ១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៧ ផ្លូវលេខ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាប…មិនមានការលិចលង់ទៀតទេ។ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មិល្លីម៉ែត្រក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោង ទៅ ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទី ទៅ ១ម៉ោងប៉ុណ្ណោះ។

ពីទីក្រុងខ្មោចដ៏ស្ងប់ស្ងាត់ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បច្ចុប្បន្នរាជធានីភ្នំពេញ បានបោះពួយការអភិវឌ្ឍយ៉ាងលឿនលយ។ កំណើនយានយន្តដ៏គំហុក, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាផ្ទះសម្បែង, បញ្ហាបរិស្ថាន, ការគំរាមកំហែងពីទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ព្រមទាំងបញ្ហាមួយចំនួនទៀត បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបបញ្ហាប្រឈមនេះទាមទារឲ្យរាជរដ្ឋាភិបាលលើកជាវិធានការធំៗជាច្រើន ក្នុងន័យឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ មាននិរន្តភាព និងស្ថេរភាពពិតប្រាកដ។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៤លើកហើយ។ តាមរយៈគម្រោងទាំង៤លើកនេះ បានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។


ខាងក្រោមនេះ ជារបាយការណ៍សង្ខេបស្តីពីការអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើកផ្សេងទៀត ដែលបានអនុវត្តន៍នាពេលកន្លងមក៖

* គម្រោងអទិភាពទី១៖ គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី១ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ពីខែធ្នូ ឆ្នាំ២០០២ ដល់ខែកញ្ញា ឆ្នាំ២០០៤។ ជាលទ្ធផលគម្រោងនេះបានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀង ដែលធ្លាប់តែជន់លិចត្រាំត្រែងនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ នៅផ្នែកខ្លះនៃខណ្ឌទួលគោក ខណ្ឌចំការ និងខណ្ឌមានជ័យ ជាពិសេសបានការពារផ្នែកខាងត្បូងរាជធានីភ្នំពេញ ពីការគម្រាមកំហែងដោយទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ ដោយទំនប់បឹងទំពុនត្រូវបានជួសជុល និងពង្រឹង និងជាបន្ទាប់មកទៀត ក៏បានក្លាយជាផ្លូវវាងមួយដ៏សំខាន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ។

* គម្រោងអទិភាពទី២៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី២ ដែលបានអនុវត្តពីខែតុលា ឆ្នាំ២០០៧ ដល់ខែកុម្ភៈ ឆ្នាំ២០១០ ហើយដែលគម្រោងជំហានទី២នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅតំបន់កណ្តាល និងខាងកើតរាជធានីភ្នំពេញ ដូចជានៅជុំវិញតំបន់វត្តភ្នំ ជុំវិញផ្សារថ្មី ផ្សារកណ្តាល ជុំវិញព្រះបរមរាជវាំង និងសារមន្ទីរជាតិ ជាពិសេសមុខអតីតរដ្ឋសភាជាតិ ដែលឧស្សាហ៍ជន់លិចដោយទឹកភ្លៀងជារឿយៗក្នុងរដូវវស្សាកន្លងមក ដោយបានសាងសង់ស្ថានីយបូមទឹក និងអាងស្តុកទឹកក្រោមដីចំនួន៤កន្លែង ក្រោមសួនច្បារតាមដងទន្លេសាប និងជីកដាក់បណ្តាញលូមេសំខាន់ៗតាមដងផ្លូវមួយចំនួន ដើម្បីប្រមូលទឹកភ្លៀងឲ្យហូរបានលឿនមកអាងស្តុកទឹកក្រោមដីទាំងនោះ ដើម្បីបូមបញ្ចេញទៅទន្លេបានទាន់ពេលវេលា។

ម្យ៉ាងទៀត ដើម្បីលើកកំពស់សោភ័ណភាព និងបរិស្ថានតាមដងទន្លេសាប និងមុខព្រះបរមរាជវាំង កំណាត់ច្រាំងទន្លេសាបចំនួន២កន្លែង ដែលបានខូចខាត និងបាក់ស្រុត ក៏ត្រូវបានលើកបញ្ចូលក្នុងគម្រោងដើម្បីធ្វើការជួសជុល ហើយជាពិសេសទៅទៀត ទឹកប្រើប្រាស់ដែលធ្លាប់បង្ហូរចូលទន្លេសាបតាមលូរមួយចំនួននោះ ក៏ត្រូវបានពង្វាងឲ្យហូរទៅអាងស្តុកទឹកបឹងត្របែកវិញ ដើម្បីកុំឲ្យខូចបរិស្ថានទឹកទន្លេ និងកុំឲ្យមានក្លិនមិនល្អតាមសួនច្បារមាត់ទន្លេ ដែលជាទីរមណីយដ្ឋានរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកំសាន្តជាដើម។

* គម្រោងអទិភាពទី៣៖ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនជាបន្តមកទៀត គឺគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៣ ដែលបានអនុវត្តពីខែមករា ឆ្នាំ២០១២ ដល់ខែតុលា ឆ្នាំ២០១៥។ គម្រោងជំហានទី៣នេះ បានជួយសម្រាល និងកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងតំបន់បឹងត្របែក ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដោយបានជីកដាក់បណ្តាញលូមេ និងលូប្រអប់ធំៗ ប្រវែងប្រមាណ ២០,៦៥៤ម៉ែត្រ ក្នុងខណ្ឌចំការមន ខណ្ឌ៧មករា និងផ្នែកខ្លះនៃខណ្ឌដូនពេញ សាងសង់ឡើងវិញនូវអាងត្រងសម្រាមក្រោមដី នៅសួនច្បារក្បែរផ្លូវលេខ២៤០ ខាងត្បូងព្រះបរមរាជវាំង ដើម្បីបង្ហូរទឹកភ្លៀងឲ្យបានលឿនឆ្ពោះទៅអាងស្តុកទឹកបឹងត្របែក។ ជាមួយគ្នានេះដែរ ក៏មានការផ្គត់ផ្គង់រថយន្តបាញ់ទឹកលាងសម្អាតបណ្តាញលូចំនួន ០២គ្រឿង និងរថយន្តបូមសម្អាតបណ្តាញលូចំនួន ០២គ្រឿងផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក។ គម្រោងនេះ ក៏ជាគម្រោងដ៏សំខាន់មួយក្នុងការការពារ និងរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញផងដែរ៕

0 comments:

Post a Comment