ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនមានដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហានៃការទទួលស្គាល់ទឹកដីនៃតំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) ។
លោក ហ្សេលេនស្គី បាននិយាយឆ្លើយតបទៅនឹងសំណួរថា តើទីក្រុងគៀវនៅបន្តបដិសេធចំពោះការទាមទាររបស់ទីក្រុងមូស្គូក្នុងការទទួលស្គាល់តំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិត DPR និង LPR ក៏ដូចជាការបដិសេធរបស់ប្រទេសអ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូថា «នេះគឺជាឱសានវាទមួយផ្សេងទៀត ហើយយើងមិនបានរៀបចំសម្រាប់ឱសានវាទនេះទេ។ ប៉ុន្តែយើងមានដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់ធាតុសំខាន់ៗទាំងនេះ»។
ដោយផ្តោតទៅលើសំណួរអំពីលទ្ធភាពដែលទីក្រុងគៀវទទួលស្គាល់តំបន់គ្រីមៀជាផ្នែកមួយនៃប្រទេសរុស្ស៊ី និងឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិតដែលប្រកាសដោយខ្លួនឯងពីរនោះ លោក ហ្សេលេនស្គី បានចង្អុលបង្ហាញថា «វាមានការពិបាកជាងការដែលគ្រាន់តែទទួលស្គាល់ជាសាមញ្ញាទៅលើតំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិតពីរនេះ»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់មេដឹកនាំនៃសាធារណរដ្ឋ Donbass លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ។ ប្រមុខរដ្ឋរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូគ្មានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment