មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអ្នកកាន់កាប់ដី នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ដោយ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណសាលា បឋមសិក្សាពូតាំង ស្ថិតនៅក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចរបស់ខ្លួន ក៏ដូចជាបានខិតខំប្រឹងប្រែងចូលរួមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ឯកឧត្តម បញ្ជាក់ថា ការចែកវិញ្ញាបនបត្រនាពេលនេះ គឺជាការអនុវត្តន៍ការងាររបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលដីធ្លី ក្នុងការកែទម្រង់រដ្ឋ ទប់ស្កាត់ការកាប់រានដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី តាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ណែនាំដល់ពលរដ្ឋទាំងអស់ ដែលបានប័ណ្ណកម្មសិទ្ធិនេះ មានន័យថាជាដីកម្មសិទ្ធរបស់បងប្អូនពិតប្រាកដ ស្របច្បាប់ មិនព្រួយបារម្ភខ្លាចមានអ្នកណាមករំលោភបំពានអ្វីទៀតឡើយ និងជាការបង្កលក្ខណៈសម្បត្តិដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរធ្វើអាជីវកម្ម ឫកសិកម្ម លើដីធ្លី និងអាចយកប័ណ្ណកម្មសិទ្ធនេះធ្វើជាដើមទុន ដើម្បីពង្រីកមុខរបររបស់ខ្លួនទៀត។
ទន្ទឹមនឹងនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រកបមុខរបរកសិកម្ម ចិញ្ចឹមសត្វបន្ថែមទៀត និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេស ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងនៃវីរុសកូវីដ-១៩។
លោក ម៉ៅ ចម្រើន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា សម្រាប់ដំណើរការវាស់វែងចុះបញ្ជីដីធ្លីនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ កន្លងមកវាស់វែង នឹងបំពេញទិន្នន័យព័ត៌មានបានចំនួន ៥៦៣ក្បាលដី ក្នុងនោះ មានដីលំនៅឋាន ដីកសិកម្ម ដីរដ្ឋ ក្បាលដីគ្មានទិន្នន័យ និងក្បាលដីទំនាស់ ក្នុងចំណោម ៥៦៣ក្បាលដី ត្រូវបានធ្វើចំណាត់ថ្នាក់តាមប្រភេទទ្រព្យ រួមមាន៖ ទ្រព្យរួមប្ដីប្រពន្ធ ទ្រព្យខាងប្រពន្ធ ទ្រព្យខាងប្ដី ទ្រព្យលីវ និងទ្រព្យអវិភាគ។ លោក ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ បងប្អូនត្រូវតែមាន កាតព្វកិច្ចបង់សេវាចុះបញ្ជីដី តាមការកំណត់ដោយច្បាប់ ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ នឹងត្រូវចែក នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត៕
0 comments:
Post a Comment