ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារ ណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជូនពរដល់និស្សិតទាំងអស់ឱ្យប្រឡងជាប់ទាំងអស់គ្នា ដើម្បីបានចូលរៀនឆ្នាំទី២បន្តទៀត នៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់និស្សិតជំនាន់ទី១ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាពបច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយ កសាងប្រទេសជាតិមាតុភូមិ ឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិត ឱ្យក្លាយជាវិស្វករអាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាព ជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ។ ដូច្នេះមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាចិត្តថា នឹងត្រៀមនាំនិស្សិតទៅកាន់ការដ្ឋានសាងសង់នានាដូចជា ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមាន៖ គម្រោងសាងសង់ស្ពាននៅក្រចេះ, គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាម ពីពីរគន្លងទៅបួនគន្លង, គម្រោងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១, រួមទាំងអាកាសយានដ្ឋានភ្នំពេញថ្មីផងដែរ។ ទោះបីគម្រោងនេះមិនស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនការក៏ដោយ ដើម្បីឈ្វេងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ និងបានគូសបញ្ជាក់អំពីគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ដោយគម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរួចហើយ។
សូមបញ្ជាក់ថា ការប្រឡងបញ្ចប់ឆមាសទី២នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃពេញ ទាំងព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយការប្រឡងនេះនឹងត្រូវធ្វើរួមគ្នា នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននិស្សិតប្រឡងសរុបប្រមាណ ១៩១រូប ចូលរួមប្រឡងជាមួយគ្នាក្នុងសាលតែមួយ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment