កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ប្រភេទ(Johnson & Johnson) ជាជំនួយរបស់សហរដ្ឋអាមេរិច ដែលរាជរដ្ឋាភិបាលកម្ពុជា បែងចែកជូនខេត្តកំពង់ធំសម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃដល់បងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វ៉ាក់សាំងកូវីដ.១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិក ចំនួន៦០៩,៦០០ដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ ០០:៤០នាទីអាធ្រាត្រចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលចំនួននេះជាជំហានទី២ នៃជំនួយសរុប១លានដូសមកកាន់កម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាខេត្ត បានពន្យល់អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ.19 និងវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.19 ។ ឯកឧត្តមបន្ដថា សព្វថ្ងៃនេះជំងឺកូវីដ.19 កំពុងតែរីករាលដាលយ៉ាងធ្ងន់ធ្ងរទូទាំងសកលលោករួមទាំងប្រទេសកម្ពុជាយើងផងដែរ ដែលបានឆ្លងចូលក្នុងសហគមន៍ ដែលជាក្តីព្រួយបារម្ភបំផុត ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់អញ្ជើញមកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ.19 ឲ្យបានគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន។
លើសពីនេះទៀតឯកឧត្តមអភិបាលខេត្ត បាន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានកាណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ដើម្បីរួមគ្នាកាត់បន្ថយ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ។
ក្នុងនោះឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានរក្សាគោលជំហរសុខចិត្តទ្រាំលំបាកក្នុងការចុះចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដល់ទីកន្លែង ដោយមិនខ្លាចនឿយហត់ ហើយពិសេស អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ពិសេស គឺ ការរៀបចំ សណ្តាប់ធ្នាប់ និង ជំរុញ ឱ្យ រក្សា គម្លាត សុវត្ថិភាព សង្គម កុំឱ្យ រីក រាលដាល ជំងឺ កូ វីដ -១៩ ។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមគោរពអរគុណ និងដឹងគុណជាអនេកចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់ពលរដ្ឋទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ បានចាក់វ៉ាកសាំងការពារជំងឺកូវីដ.១៩ នៅពេលនេះ ។
សូមបញ្ជាក់ផងដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ.19 Jonhson&Jonhson នេះ មានចំនួន ២ស្រុក គឺស្រុកកំពង់ស្វាយ និងស្រុកស្ទោង ក្នុងនោះ ស្រុកកំពង់ស្វាយមានចំនួន ១៤ទីតាំង និងស្រុកស្ទោង មានចំនួន ១៤ទីតាំង ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល





.j.jpg)
0 comments:
Post a Comment