កំពង់ចាម៖ ផ្ទះថ្មី១ខ្នង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូន លោកយាយ ឌឿ ម៉េត អាយុ ៧៣ឆ្នាំដែលធ្លាប់ស្នាក់នៅក្នុង ខ្ទមចាស់ទ្រុឌទ្រោម ជាមួយកូនស្រីមេម៉ាយម្នាក់និងចៅស្រីប្រុស ២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ។
ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការីជាច្រើនទៀត ។
បើតាម លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា ផ្ទះថ្មីនេះ ចំណាយថវិកាអស់ចំនួន ៨,៤៧២ដុល្លារ មានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ ធ្វើពីឈើខ្ពស់ផុតពីដី ដំបូលប្រក់ស័ង្កសីភ្លីធំ ជញ្ជាំងស្មាបត, ជណ្តើរថ្ម , ក្រាលរនាបឫស្សី មានបន្ទប់ដេក ១, មានប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ( solar )។
ស្ថិតក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោកយាយ ឌឿ ម៉េត ដោយក្តីនឹករឭក និងអាណិតអាសូរបំផុត។
លោកជំទាវ បានបញ្ជាក់ថា ជានិច្ចកាល សម្តេច លោកតែងខ្វាយខ្វល់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនរើសអើង ហើយបានដោះស្រាយទុក្ខលំបាកបានទាន់ពេលវេលា តាមទិសស្លោក " ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។
ជាមួយគ្នានោះដែរ លោកយាយ ឌឿ ម៉េត បានសម្តែងទឹកចិត្តរំភើបឥតឧបមា ហើយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ផ្ទះ សម្រាប់គាត់ និងគ្រួសារស្នាក់នៅយ៉ាងសមរម្យ ហើយក៏មិននឹកស្មានដល់ថា មានភ័ព្វសំណាងដូចថ្ងៃនេះទេ និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមសម្តេចទាំងទ្វេ មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងនៅជាម្លប់ដ៏កក់ក្តៅ ដល់ប្រជាជនកម្ពុជាតរៀងទៅ។
សូមបញ្ជាក់ថា សម្ភារមនុស្សធម៌ ដែលផ្តល់ជូន លោកយាយឌឿ ម៉េត សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន ៖ អង្ករ ៥០ គក្រ, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត ២សម្រាប់, ម៉ាស់ ២ប្រអប់ , អាវយឺត ១៦, សម្ភារផ្ទះបាយ ២សម្រាប់ , ធុងទឹកធំ ១, ចង្ក្រាន ២ , ធ្យូង ៥គក្រ និង អុស ១បាច់ ។ ដោយឡែក លោកយាយ និងលោកតា ចំនួន ២១នាក់ ដែលបានចូលរួមក្នុងឱកាសនោះ ក្នុងម្នាក់ៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដបi, ម៉ាស់ ១ប្រអប់, , និង ថវិកា ២០,០០០ រៀល ផងដែរ ៕
វិទ្យុជាតិកម្ពុជា៖លោកហ៊ាងចាន់ថាកំពងចាម
0 comments:
Post a Comment