-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 31, 2021

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន មុនគេ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ : ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចំណាយពេល ៣៨ម៉ោង សម្រាប់ការហោះហើរ និងរង់ចាំនៅតាមអាកាសយានដ្ឋាននានា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនហើយ កាលពីថ្ងៃ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។

ក្រុមជម្រើសជាតិកម្ពុជាមានកីឡាករ ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបានធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ នៅប្រទេសបារ៉ែន ប៉ុន្តែលទ្ធផលអវិជ្ជមាន ដែលធ្វើឱ្យក្រុមជម្រើជាតិកម្ពុជាអាចចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។

សូមរម្លឹកថា កាលពីជំនួបជើងទី១ ក្នុងពូល Cនេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរបូតគ្រាប់បាល់រហូតដល់ ០ទល់១៤។

ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។

ដូច្នេះហើយ ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី ។ បើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៣១), អ៊ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និងក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ថ្នាក់ពិភពលោក ១៧៤) ៕

0 comments:

Post a Comment