ភ្នំពេញៈ មេខ្យល់ដែលនាំមនុស្ស ឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ-វៀតណាម ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ចំនួន ៣៥ នាក់ គិតចាប់ពីថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាម មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២១។
ប្រភពដដែល បានបញ្ជាក់ថាៈ មេខ្យល់នាំប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ដែលសមត្ថកិច្ច ចាប់ខ្លួន មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និងខេត្តកោះកុង។ មេខ្យល់ បានប្រើល្បិចថ្មី ដោយនាំមនុស្ស ឆ្លងដែនខុសច្បាប់ ប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់ មនុស្សនៅក្នុងរថយន្ត ដឹកផ្លែឈើ…។
មន្ត្រី បានបន្តថាៈ ការស្វែងរក និងទប់ស្កាត់ ពលករគេចវេះ ពីការធ្វើចត្តាឡីស័ក គឺគិតចាប់ពីថ្ងៃទី១៣ – ១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ៥៤ នាក់ ក្នុងនោះស្រី ២៨ នាក់ និងបានបញ្ជូនទៅ មណ្ឌលធ្វើចត្តាឡីស័ក។ ពលករដែល គេចវេះ ពីការធ្វើចត្តាឡីស័ក មានដូចជា ខេត្តតាកែវ ចំនួន ២១នាក់ (ស្រី ១០នាក់) , ខេត្តត្បូងឃ្មុំ មានចំនួន ១៣ នាក់ (ស្រី ៨នាក់) , ខេត្តស្វាយរៀង ចំនួន ៩នាក់ (ស្រី ៤ននាក់) , ខេត្តព្រៃវែង ចំនួន ៦នាក់ (ស្រី ៣នាក់) និងខេត្តសៀមរាប ចំនួន ៥នាក់ (ស្រី ៣ នាក់)។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តជាប់ព្រំដែន ថៃ និងវៀតណាម បានខិតខំធ្វើការទប់ស្កាត់ ពលករឆ្លងដែន ខុសច្បាប់ និងស្រាវជ្រាវ រកមេខ្យល់ ដើម្បីនាំយកមកផ្តន្ទាទោស តាមច្បាប់៕
0 comments:
Post a Comment