AKP កណ្តាល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០–
នៅ ថ្ងៃ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយផលប៉ះពាល់ដោយ សារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងប្រជាពលរដ្ឋរស់នៅ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលមានប្រសាសន៍ថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ ជាគម្រោងដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តន៍ក្នុងក្របខ័ណ្ឌ ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដែលរដ្ឋនៅតែជាម្ចាស់កម្មសិទ្ធិលើទីតាំងដីទាំងអស់ដែលបានធ្វើលទ្ធកម្មសម្រាប់គម្រោង ហើយក្រុមហ៊ុននឹងត្រូវប្រគល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ មកឱ្យជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋក្រោយផុតរយៈពេលប្រតិបត្តិការ ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងសម្បទាន។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត ក្រុមការងារគណៈកម្មការអន្តរក្រសួង លោក លោកស្រីក្រុមការ ងារដោះស្រាយផលប៉ះពាល់ និងប្រជាពលរដ្ឋប៉ះពាល់ប្រមាណ ៥៨គ្រួសារ ផងដែរ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ SPS-NEWS
0 comments:
Post a Comment