-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, February 28, 2023

អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា១កន្លែង ក្នុងស្រុកចិត្របុរី

ចំនួនអ្នកទស្សនា: Views



(ក្រចេះ)៖ អគារសាលាបឋមសិក្សា កែឌឿក ត្រពាំងឬស្សី ១ខ្នង ៣បន្ទប់ រួមនិងរបង ខ្លោងទ្វារ ស្ថិតនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាអំណោយរបស់ព្រះសង្ឃ និងសប្បុរសជននានាដែលប្រើប្រាស់ ថវិការអស់ចំនួនប្រមាណជាង១៦៣លានរៀល បានសម្រេចជាស្ថាពរ និងបានធ្វើពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធីបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថា សាលាបឋម១ខ្នងនេះ កើតចេញពីការផ្ដួចផ្ដើមឡើងតាមរយៈការដឹកនាំកសាងដោយព្រះគ្រូ មង្គលវិសុទ្ធិមុនី យិន ចាន់ធា ជាព្រះគ្រូចៅអធិការវត្តថ្មគ្រែ និងអតីតព្រះគ្រូសូត្រស្តាំ និងឆ្វេងនៃវត្តថ្មគ្រែ រួមអាចារ្យគណៈកម្មការ និងសប្បុរសជននានាមួយចំនួនទៀត ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីជាចំណងដៃគោរពដឹងគុណ ទុកជាកេរតំណែលសម្រាប់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សសិក្សារៀនសូត្រ ចំពោះព្រះគ្រូ កែ ឌឿក ជាអតីតព្រះចៅអធិការវត្តដំបូងគេ នៃវត្តថ្មគ្រែនេះ រួមនិងសមិទ្ធផលនានាបន្ថែមទៀត ដែលចំណាយថវិការអស់ប្រមាណជាង ១៦៣លានរៀល។

លោក វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលស្តែងចេញនាពេលនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយពីសំណាក់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់តំបន់នេះ ក្នុងការចូលរួមតបស្នងសងគុណចំពោះ អតីត ព្រះចៅអធិការវត្ត និងជាការសងគុណចំពោះរាជរដ្ឋាភិបាលដែលបានដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ក្នុងនោះគឺវិស័យសេដ្ឋកិច្ច ប្រជាជនមានភាពធូរធា មានលទ្ធភាព និងឱកាសបានចូលរួមជួយសង្គមជាមួយគ្នា មិនថានៅតំបន់ជនបទដាច់ស្រយ៉ាលនោះទេ។ ដូច្នេះសូមបងប្អូនចូលរួមថែរក្សា ការពារនៅសមិទ្ធផលដែលបានកកើតឡើង និងរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះស្ថិត ក្នុងតម្លៃណាក៏ដោយ។

លោកអភិបាលខេត្ត បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះព្រះតេជគុណ យិន ចាន់ធា ព្រះចៅអធិការវត្តថ្មគ្រែ រួមទាំងអតីតគ្រូសូត្រស្តាំ-ឆ្វេង រួមនិងគណៈកម្មាការអាចារ្យវត្ត និងសប្បុរសជននានា ដែលបានរួមគ្នាផ្ដួចផ្ដើម កសាងបានសាលារៀនបឋមសិក្សានេះឡើងសម្រេចចេញជារូបរាង ។ សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលសាបព្រួស នូវចំណេះដឹងទូទៅដល់សិស្សានុសិស្សគ្រប់រូប ដែលជាធនធានមិនអាចខ្វះបាន ប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខបាន ក៏ដោយសារមានធនធានមនុស្ស ប្រកបដោយចំនេះដឹង-ជំនាញ និងការវិនិយោគទំនាក់ទំនង គៀងគរដៃគូរជំនួយលើកិច្ចសហប្រតិបត្តការណ៍៕

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឲ្យត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ ដែលមានប្រទេសជាច្រើននឹងនាំយករ៉ូបូតមកចូលរួមប្រកួត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតអន្តរជាតិឆ្នាំ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលបណ្តាប្រទេសជាច្រើន នាំយករ៉ូបូតមកចូលរួមប្រកួត ប្រជែងដើម្បីបង្ហាញសមត្ថភាព ស្ថាដៃ និងទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន។

ការបញ្ជាក់នេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន។

តាមរយៈអង្គសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំនេះដែរ លោករដ្ឋមន្រ្តី បានជម្រុញដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ធ្វើជារបាយការណ៍សង្ខេបខ្លីពីការងារអ្វីដែលធ្វើបាន និងធ្វើមិនបាន មូលហេតុអ្វី ហើយលើកគម្រោងទិសដៅ ដើម្បីបន្តអនុវត្តន៍ទៅមុខទៀត។ ជាមួយនេះ បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្ត ក៏ត្រូវធ្វើរបាយការណ៍ខ្លីដូចគ្នានេះដែរ។

កិច្ចប្រជុំប្រចាំសាមញ្ញប្រចាំសប្តាហ៍នាឱកាសនេះ បានធ្វើការពិនិត្យលើកិច្ចការងារដែលគ្រប់ផ្នែកគ្រប់ជំនាញ បានអនុវត្តនាពេលកន្លងមក និងដាក់ចេញជាផែនការ កិច្ចការងារ ព័ត៌មាន និងសោតទស្សន៍ សម្រាប់បំពេញព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់រៀបចំ។

ថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន រួមជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ និងអនុគណ:កម្មការ បានធ្វើរបាយការណ៏លើកឡើងពីវឌ្ឍនភាពការងារសំខាន់ៗ នានាដែលមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ផ្នែកគ្រប់ជំនាញសម្រេចអនុវត្តន៍នាពេលកន្លងនេះ ដោយបានធ្វើអោយរាល់កិច្ចការងារបានដំណើរដោយរលូន។

ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតឲ្យបានកាន់តែល្អប្រសើរ។ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កំលាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលការងារបានយ៉ាងល្អ។

លោករដ្ឋមន្រ្តី បានឲ្យផ្នែករដ្ឋបាល រៀបចំសៀវភៅ ៣ភាសា ដែលក្រសួងព័ត៌មាន បានបោះពុម្ភរួចហើយ មានចំណងជើងថា «កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» ជាភាសាខ្មែរ បារាំង និងភាសាអង់គ្លេស ចំនួន៣ៗច្បាប់ ទុកដើម្បីយកទៅជូនដល់គ្រប់រដ្ឋមន្រ្តី រដ្ឋលេខាធិការដ្ឋាន និងអាជ្ញាធរ។ ជាជំហានបន្ទាប់ទៀត នឹងយកជូនគ្រប់សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត អភិបាលស្រុក និងគ្រប់មហាវិទ្យាល័យ និងសកលវិទ្យាល័យនៅកម្ពុជា ចំនួន៣ៗច្បាប់ដូចគ្នា។

«កម្ពុជាក្នុងក្រសែភ្នែកពិភពលោក» មិនមែនមានត្រឹមតែ៣ ភាសានេះទេ ជាជំហានបន្ទាប់ទៀត មានការបកប្រែ និងបោះពុម្ពជាភាសា ចិន ជប៉ុន និងភាសាអារ៉ាប់


Monday, February 27, 2023

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស

ចំនួនអ្នកទស្សនា: Views


រាជអានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ថ្លែងនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។

ឯកឧត្តម បានបន្តថា ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេពកោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសម្តែងនូវការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពសិក្ខាកាមជាសមាជិកបក្សឱ្យស័ក្តិសមជាកម្លាំងបន្តវេនប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕ សម្រួលផ្សាយ៖ កន ចំណាន


ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អញ្ជើញប្រកាសតែងតាំង ថ្នាក់ដឹកនាំនិងសមាជិក ១៧៥នាក់ ប្រចាំសាខាខេត្តព្រះសីហនុ និង អនុសាខាក្រុង/ស្រុកចំនួន៥ទៀត

ចំនួនអ្នកទស្សនា: Views


ខេត្តព្រះសីហនុ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អមដំណើរដោយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន១៧៥នាក់ ប្រចាំនៅសាខាខេត្តព្រះសីហនុ  និងអនុសាខាចំនួន៥ តាមក្រុង/ស្រុកនានា នៅរសៀលថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ និង លោក ម៉ាត់ ណៃសៀក ប្រធានផ្នែឥស្លាម បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ ដែលមាន លោក លាង ស៊ីនាថ ជា ប្រធានសាខាខេត្តព្រះសីហនុ អមដោយអនុប្រធាន ចំនួន០៨នាក់ និងសមាជិក សមាជិកា សរុប ១៧៥នាក់។

បន្ទាប់ពីត្រូវបានប្រកាសតែងតាំង លោក លាង ស៊ីនាថ ជាប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ បានឡើងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីចំនួន០៥ចំណុច គឺ
១.ខិតខំអនុវត្តតួនាទី ភារកិច្ច និង គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម។
២.បង្កើនទំនាក់ទំនង សហការល្អជាមួយអាជ្ញាធរ ដើម្បីសម្រេចបាន តាមគោលបំណង ទិសដៅរបស់សមាគម។
៣.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង
៤.កៀរគរសប្បុរសជនជួយដល់សមាគម ខិតខំដឹកនាំសម្របសម្រួល បន្តធ្វើសកម្មភាពមនុស្សធម៌
៥.ខំរៀនសូត្រពង្រឹងសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារសមាគម។

ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ ទាំងអស់ដែលទេីបទទួលបានការតែងតាំងថ្មី និងថ្លែងការកោតសរសើរ លទ្ធផលការងារសម្រេចបានកន្លងមក ដោយបានចុះធ្វើសកម្មភាពមនុស្សធម៌៧១លើក ចំណាយអស់ថវិកាជាង $២០០,០០០ (ម្ភៃម៉ឺនដុល្លារអាមេរិក) ជាពិសេស ផ្នែកឥស្លាមខេត្តព្រះសីហនុ។

ឯកឧត្ដមប្រធាន បានពាំនាំការផ្តាំផ្ញើរសួរ សុខទុក្ខ ការអបអរសាទរ និង ការលើកទឹកពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនរាជសីហ៍ទាំងអស់។

ឯកឧត្ដម ស៊ូម សារឿន បញ្ជាក់បន្ថែមថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គាំទ្រសកម្មភាពសមាគមរាជសីហ៍យើង ហើយតែងតែ
ឧបត្តម្ភគាំទ្រ ជាពិសេស ការផ្តល់អាហារូបករណ៍ជាច្រើនជូនយុវជនរាជសីហ៍ ការផ្តល់គ្រឿងឥស្សរិយយស។ល។

ឯកឧត្ដមប្រធានបានថ្លែងពីប្រវត្តិនៃការកកើតសមាគមតាំងពីមានក្បាលម៉ាស៊ីនតែ៥នាក់ រហូតដល់បច្ចុប្បន្នមានសមាជិកជាង៤,០០០នាក់ និងមានសាខារាជធានី/ខេត្តចំនួន២៣ និងសាខាក្រៅប្រទេសចំនួន ០៤ គឺ ប្រទេស ថៃ វៀតណាម ជប៉ុន និងកូរ៉េ។ ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំងបានចុះMOUសហការគ្នាធ្វើសកម្មភាពមនុស្សធម៌ ជាមួយក្រុមហ៊ុនបរទេសធំជាច្រើន។

ឯកឧត្ដមប្រធានថ្លែងការគាំទ្រ ការប្តេជ្ញាចិត្តរបស់ លោក លាង ស៊ីនាថ ប្រធានសាខាខេត្តព្រះសីហនុ និងណែនាំឱ្យ ផ្សព្វផ្សាយ និងអនុវត្តសកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ របស់សមាគម ហើយត្រូវធ្វើរបាយការណ៍ជាប្រចាំជូនស្នាក់ការកណ្តាល។ ទន្ទឹមនោះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ត្រូវតាមដាន វាយតម្លៃការងារជាប្រចាំ។

ឯកឧត្ដមប្រធានណែនាំឱ្យខិតខំរួមសាមគ្គីគ្នាបំពេញការងារ ធ្វើសកម្មភាពមនុស្សធម៌ ជួយប្រជាជនខ្វះខាតពិតប្រាកដ គាំទ្ររាជរដ្ឋាភិបាល និង សហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។

ចុងបញ្ចប់ ឯកឧត្តមប្រធានបានជូនពរ ប្រគល់លិខិតតែងតាំង ថតរូបអនុស្សាវរីយ៍ និងបានចូលរួមពិសារអាហារសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង៕